ទស្សនៈ៖ ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី រយៈពេល៦៥ឆ្នាំ

 ថ្ងៃនេះគឺជាខួបលើកទី ៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជា និងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហភាពសូវៀតដែលក្រោយមកប្តូរមក ជាសហព័ន្ធរុស្ស៊ីត្រូវរងឥទ្ធិពល ពីនយោបាយផ្ទៃក្នុងផង និងពីនយោបាយក្នុងតំបន់ និងពិភពលោកផង។ ថ្វីបើប្រទេសទាំងពីរស្ថិតក្នុងភូមិសាស្ត្រ ឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរបានរួមរស់ ជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល ក្នុងនាមជាដៃគូ សហប្រតិបត្តិការដែលផ្អែកលើគោលការណ៍គាំទ្រ និងគោរព គ្នាទៅវិញទៅមក។ ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចត្រូវបានបែងចែកជា៥ដំណាក់កាលធំៗ និងមានការវិវត្តប្រែប្រួលជាលំដាប់។

  ចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហភាពសូវៀតជាទំនាក់ទំនងដែលមានលក្ខណៈពិសេស។  ឆ្នាំដំបូងៗនៃទំនាក់ទំនងនេះ មេដឹកនាំសូវៀតបានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងដ៏ខ្នះខ្នែងរបស់សម្តេច នរោត្តម សីហនុ ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជារដ្ឋមួយ ឯករាជ្យដែលប្រជាជន រស់នៅប្រកបដោយសុខសន្តិភាព និងវិបុលភាព។ បន្ទាប់មកសហភាព សូវៀតបានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេច នរោត្តម សីហនុ ដែលជាសហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។ នៅឆ្នាំ១៩៥៧ ប្រទេសកម្ពុជា និងសហភាពសូវៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិទ្យាសាស្ត្រ។ សហភាពសូវៀតក៏បានគាំទ្រដល់សមាជិកភាពរបស់កម្ពុជា នៅអង្គការសហប្រជាជាតិផងដែរ។ ម៉្យាងទៀតសហភាពសូវៀតបានអះអាងជាថ្មីនូវភាពស្មោះត្រង់របស់ខ្លួនចំពោះប្រជាជនកម្ពុជាដោយថ្កោលទោសរដ្ឋប្រហារយោធា លន់ នល់ ឆ្នាំ១៩៧០។

  ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងកម្ពុជា និងសហភាពសូវៀតមិនសូវល្អទេ ដោយសារការផ្លាស់ប្តូរនយោបាយនៅកម្ពុជា ដែលនៅឆ្នាំ១៩៧៥ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នៅពេលព្រះអង្គកំពុងយាងបំពេញព្រះរាជបេសកកម្មនៅក្រៅប្រទេស។ ស្ថានភាពនេះបានធ្វើឱ្យសហភាពសូវៀតស្ថិតក្នុងជំហរការទូតដ៏លំបាក ចំពោះកម្ពុជា ហើយធ្វើឱ្យសហភាពសូវៀតទទួលស្ថានទូត ពីរ (របស់កម្ពុជា) នៅ ទីក្រុងម៉ូស្គូ, មួយតំណាងរដ្ឋាភិបាលនិរទេសរបស់សម្តេច នរោត្តម សីហនុ និងមួយផ្សេងទៀតតំណាងឱ្យរដ្ឋាភិបាលរបប លន់ នល់។ នៅរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ នយោបាយប្រឈមមុខដាក់គ្នារវាងចិន និងសហភាពសូវៀត បានជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហភាពសូវៀតផងដែរ។

  ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយយ៉ាងល្អ។ នៅដើមឆ្នាំ១៩៧៩ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងវិញ។ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ សហភាព សូវៀតបានផ្តល់ជំនួយសេដ្ឋកិច្ច និងយោធាយ៉ាងច្រើនក៏ដូចជាជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា។ សហភាពសូវៀតបានចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងសង្គម កម្ពុជា លើវិស័យថាមពល ដឹកជញ្ជូន ប្រៃសណីយ៍ កសិកម្ម លំនៅឋាន ការថែទាំសុខភាព បណ្តុះបណ្តាល មន្ត្រីរាជការ និង យោធា បរិក្ខារនិងគ្រឿងយន្តផ្សេងៗ ។ ទំនាក់ទំនងលើវិស័យសិក្សាអប់រំ ពី១៩៨០ មក មានលក្ខណៈល្អប្រសើរណាស់ ដែលជាលទ្ធផល ប្រជាជនកម្ពុជាប្រហែល ៨ ០០០នាក់ បានទទួលការអប់រំ និងបណ្តុះ បណ្តាល នៅសហភាពសូវៀតនិងរុស្ស៊ី។ បច្ចុប្បន្ននេះអ្នកទាំងអស់នោះកំពុងកាន់មុខតំណែងសំខាន់ក្នុងជួររដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា និងនៅក្នុងគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស។ អ្នកខ្លះទៀត ជាអ្នកជំនួញជោគជ័យ ជាមន្ត្រីរាជការ ជាបុគ្គលិកពេទ្យ ជាវិស្វករ និងជាស្ថាបត្យករ។

  ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានស្ថិតនៅផ្លូវបំបែក។ បន្ទាប់ពីការដួលរលំនៃជញ្ជាំងបែរឡាំង និងការបែកបាក់របស់អតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ឥទ្ធិពលជារួមរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍បានថយចុះយ៉ាងឆាប់រហ័ស។ នៅខែធ្នូ ឆ្នាំ១៩៩១ សម្តេច រោត្តម សីហនុ បានប្រកាសទទួលស្គាល់សហព័ន្ធរុស្ស៊ី ជារដ្ឋស្នងរបស់សហភាពសូវៀត។ ទំនាក់ទំនងយោធា និងជំនួយអភិវឌ្ឍន៍ ដែលធ្លាប់ជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពរបស់ទីក្រុងមូស្គូជាមួយបណ្តាប្រទេសក្នុងតំបន់ ដូចជាវៀតណាម កម្ពុជា និងឡាវ មិនមានទៀតទេ។ ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីនៅពេលនោះមិនរឹងមាំទេ ដោយសារឧបសគ្គនៃការផ្លាស់ប្តូរក្រោយការដួលរលំនៃសូវៀត រួមមានការកែទម្រង់នយោបាយ សង្រ្គាមស៊ីវិល ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការគូសវាសព្រំដែននយោបាយជាថ្មី។ រយៈពេលអន្តរកាលនៅក្នុងនយោបាយរុស្ស៊ីក្រោយការដួលរលំ នៃសហភាពសូវៀត បានបញ្ចប់នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តដោយការធ្វើប្រជាមតិ កាលពីខែធ្នូ ឆ្នាំ១៩៩៣។ យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានទទួលស្គាល់តួនាទីដ៏សកម្មរបស់រុស្ស៊ី នៅក្នុងដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជា ដោយបានរៀបចំ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីប្រទេសកម្ពុជា (២៣ តុលា ១៩៩១) និងអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (១៩៩១-១៩៩៣)។

  ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះត្រូវបាន ពង្រឹង និងពង្រីកគួរឱ្យ កត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

  ក្នុងវិស័យនយោបាយ កម្ពុជា និងរុស្ស៊ីគឺជាដៃគូដែល ទុកចិត្តគ្នា ដោយមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយក្នុងការដោះស្រាយបញ្ហា រួម ដែលកើតឡើងនៅក្នុងពិភពលោក និងនៅក្នុងតំបន់។ ប្រទេសទាំងពីរកំពុងធ្វើសហប្រតិបត្តិការគ្នាក្នុងរចនាសម្ព័ន្ធ និងនិម្មាបន កម្មអន្តរជាតិ និងតំបន់ផ្សេងៗ រួមមានអន្តរ សកម្ម ភាពនៅក្នុងអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធ និងវេទិកា អាស៊ាននានា។

  ក្នុងវិស័យការទូតវិញ គេសង្កេតឃើញមានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ ធ្វើឡើងក្នុងអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។ នៅឆ្នាំ២០១៥ មានការធ្វើទស្សនកិច្ចផ្លូវការជាច្រើនរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី ក្នុងនោះរួមមានដំណើរទស្សនកិច្ចរបស់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា គឺ ឯកឧត្តម ហោ ណាំហុង នៅខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង នៅខែឧសភា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅខែតុលា។

  អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី មកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់នៅប្រទេសរុស្ស៊ី នៅខែឧសភា ឆ្នាំ២០១៦ ដែលទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ដែលនេះជាការកត់សម្គាល់នូវ ទំនាក់ទំនងកម្រិតខ្ពស់ថ្មីមួយ។

  ដោយឡែកក្នុងវិស័យសេដ្ឋកិច្ចវិញ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ យោងតាមទិន្នន័យពីស្ថាប័នគយសហព័ន្ធរុស្ស៊ី ការនាំចូលទៅកាន់ប្រទេសរុស្ស៊ី ពីប្រទេសកម្ពុជាកាលពីឆ្នាំមុន មានទំហំ ជាង២០០លានដុល្លារសហរដ្ឋអាម៉េរិក និងបាននាំចេញពីប្រទេសរុស្ស៊ីមកកាន់ប្រទេសកម្ពុជាគឺ ជិត២០លានដុល្លារសហរដ្ឋអាម៉េរិក។

  ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវិញ មានភ្ញៀវទេសចររុស្ស៊ីជាង ៦០ ០០០ នាក់ មក ទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ ក៏មានជនជាតិរុស្ស៊ីមួយចំនួន រស់នៅក្នុងប្រទេស កម្ពុជាផងដែរ ដែលភាគច្រើនរស់នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ អ្វីដែលសំខាន់ជាងនេះ គឺប្រជាជនកម្ពុជាជាង ៨ ០០០ នាក់ ធ្លាប់បានសិក្សានៅអតីតសហភាពសូវៀត និងរុស្ស៊ីចាប់តាំងពីឆ្នាំ១៩៧៩។

  បញ្ហាទាក់ទងនឹងវ៉ាក់សាំងរុស្ស៊ី «Sputnik V» ក៏ត្រូវបានលើកឡើងផងដែរនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ភ្លាមៗនោះ ស្ថានទូតបានជូនដំណឹងទៅអាជ្ញាធររុស្ស៊ីដែលពាក់ព័ន្ធអំពីការពិភាក្សាជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ក្រុមការងារនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើការលើបញ្ហានេះហើយ។

  សរុបសេចក្ដីមក ទំនាក់ទំនងកម្ពុជា-រុស្ស៊ី ត្រូវបានចងភ្ជាប់ដោយចំណងមិត្តភាពជាប្រពៃណីយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរមានទស្សនៈស្រដៀងគ្នាទៅលើបញ្ហាសណ្តាប់ធ្នាប់ពិភពលោក។ ប្រទេសកម្ពុជា និងរុស្ស៊ី មានបទពិសោធន៍ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនរាប់ឆ្នាំមកហើយ។ ប្រទេសទាំងពីរបានធ្វើអន្តរសកម្មភាពប្រកបដោយផ្លែផ្កានៅលើវេទិកាពិភពលោក។ វាច្បាស់ណាស់ថាក្នុងរយៈពេល ៦៥ឆ្នាំមកនេះ ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី មានការរីកចម្រើនខ្លាំងឡើងជាលំដាប់ក្នុងវិស័យផ្សេងៗ។ ទោះយ៉ាងនេះក្តី ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ ហើយសង្ឃឹមថា ការស្នើសុំវ៉ាក់សាំង Covid-19 របស់កម្ពុជា នឹងមានការឆ្លើយតបជាវិជ្ជមាន។

  ដើម្បីពង្រីកទំនាក់ទំនងឱ្យបានទូលំទូលាយជាមួយកម្ពុជា ទាក់ទងនឹងនយោបាយ និងសេដ្ឋកិច្ច ប្រទេសរុស្ស៊ីគួរតែពិចារណាលើលទ្ធភាព នៃការវិនិយោគលើវិស័យថាមពល ដូចជាឧស្ម័ន និងប្រេង វិស័យកសិកម្ម ដូចដែលអតីតសហភាពសូវៀតធ្លាប់បានធ្វើក្នុងសម័យសង្រ្គាមត្រជាក់ រុស្ស៊ីគួរស្តារឡើងវិញនូវទំនាក់ទំនងជាប្រពៃណីរបស់អតីតសហភាពសូវៀតជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ទាក់ទងនឹងការអភិវឌ្ឍ ធនធានមនុស្ស ឧស្សាហកម្ម កិច្ចការយោធា ការផ្សព្វផ្សាយវប្បធម៌។ លើសពីនេះទៀតប្រទេសរុស្ស៊ីគួរតែដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

  គេជឿថាទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំង និងមានពិពិធកម្មចូលទៅក្នុងវិស័យជាច្រើន។ សាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិលេចធ្លោ បទពិសោធន៍រឹងមាំនៅក្នុងកិច្ចសន្ទនាទ្វេភាគី ការបង្កើនល្បឿននៃការទំនាក់ទំនងទាំងអស់គ្រប់ទម្រង់ ការយោគយល់គ្នាដែលបានចាក់ឫស យ៉ាងជ្រៅ និងការគោរពគ្នាទៅវិញទៅមក ប្រាកដជានឹងនាំមកនូវសមិទ្ធផលកាន់តែធំធេងច្រើនទៀត ទាំងនៅថ្នាក់ជាតិ និង ពិភពលោក៕

  ដោយ៖ គិនភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា  (ទស្សនៈដែលបានបង្ហាញនៅក្នុងអត្ថបទនេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ វាមិនឆ្លុះបញ្ចាំងពីជំហរផ្លូវការរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឬរាជបណ្ឌិត្យសភាកម្ពុជាទេ។)

អត្ថបទដែលជាប់ទាក់ទង