កញ្ញា មាន ពេជ្ររីតា ពិធីការិនី My TV ត្រូវបានដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន

TNM(ភ្នំពេញ) ៖ លោក កូយ សៅ អនុប្រធាន និង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញដីកាសម្រេចបង្គាប់អោយដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV អោយនៅក្រៅឃុំបណ្តោះអាសន្ន តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ នេះបើយោងតាមដីកាបង្គាប់អោយដោះលែង ដែល TNM NEWS ទើបទទួលបាន មុននេះបន្តិច ។

ការសម្រេចដោះលែង នេះ ក្រោយពីមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

កញ្ញា មាន ពេជ្ររីតា ជាប់ចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ពាក់ព័ន្ធការយកកាំបិតចុងស្រួចចាក់ទៅលើលោកឧកញ៉ា ហេង សៀ ចំនួន២កាំបិត បណ្តាលអោយរងរបួសក្បាលពោះស្តាំធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៣៨កែងផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងដីកាសម្រេចនេះ លោក កូយ សៅ បានសម្រេចអោយ កញ្ញា មាន ពេជ្ររីតា ជាប់នូវកាតព្វកិច្ចមួយចំនួន ដូចខាងក្រោម នេះ ៖

ក. ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា
ខ. ហាមមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ
គ. ហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស

ក្នុងករណីជនត្រូវចោទគេចវេះដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា ១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

៣៖ ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាម។

សូមបញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា បានប្តឹងបកលោកឧកញ៉ា ហេង សៀ វិញ ដោយចោទប្រកាន់ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ក្នុងរថយន្ត ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ។

ពាក់ព័ន្ធករណី ប្ដឹងទៅ ប្ដឹងមកនេះ ភស្តុតាងនៅកន្លែងកើតហេតុជាវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញពីជម្លោះរវាងកញ្ញា មាន ពេជ្ររីតា និង លោកឧកញ៉ា ហេង សៀ ប្រទូស្តរាយគ្នានៅក្នុងរថយន្ត ។

នៅក្នុងវីដេអូ គេឃើញឧកញ៉ា ហេង សៀ ស្ទុះចេញពីរថយន្តនៅត្រង់កន្លែងបើកបរ ដួលផ្ងាររួចទើបស្ទុះរត់ទៅក្រោយរថយន្តបាត់ទៅ ។ ភ្លាមៗនោះគេឃើញកញ្ញា មាន ពេជ្ររីតា បើកទ្វាររថយន្តចេញពីបាំងខាងក្រោយ ដៃម្ខាងកាន់កាំបិត ដៃម្ខាងកាន់ទូរស័ព្ទ ស្ពាយកាបូប ចេញមកដើរទៅខាងក្រោយរថយន្ត មួយសន្ទុះទើបដើរទៅមុខរថយន្តបាត់ទៅ ។

ទន្ទឹមគ្នានេះ តាមប្រភពព័ត៌មាន បានអោយដឹងថា លោកឧកញ៉ា ហេង សៀ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ដែលក្រុមគ្រូពេទ្យកំពុងតាមដាននៃការវិវត្តអាការៈជំងឺរបស់លោក ៕

 

    

      

 

អត្ថបទដែលជាប់ទាក់ទង