កិច្ចសហប្រតិបត្តិការវ៉ាក់សាំង ស្ថិតក្នុងចំណោមរបៀបវារៈសំខាន់ៗ សម្រាប់កិច្ចប្រជុំកំពូលរវាងលោក មូន និងលោក បៃដិន

កាលពី​ថ្ងៃ​ពុធ មន្ត្រីជាន់ខ្ពស់​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​លើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ នឹង​ក្លាយជា​របៀបវារៈ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។​

​លោក Lee Ho-seung ប្រធាន​បុគ្គលិក​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​វិទ្យុ​មួយ​ថា «​របៀបវារៈ​សំខាន់​មួយ​ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ​ដទៃទៀត គឺ​ភាពជា​ដៃគូ​វ៉ាក់សាំង​រវាង​ប្រទេស​ទាំងពីរ​»​។​

​លោក មូ​ន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន គ្រោង​នឹងធ្វើ​កិច្ចប្រជុំ​កំពូល​ដោយផ្ទាល់​មួយ​នៅឯ​សេត​វិមាន​នៅ​ថ្ងៃទី ២១ ខែឧសភា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បញ្ហា​សម្ព័ន្ធភាព​ទ្វេភាគី​។​

​លោក Lee បាន​កត់សម្គាល់ថា សហរដ្ឋអាមេរិក​មាន​បច្ចេកវិទ្យា និង​វត្ថុធាតុដើម​សម្រាប់​ផលិត​វ៉ាក់សាំង ខណៈដែល​កូរ៉េខាងត្បូង​មាន​សមត្ថភាព​ផលិត​ជីវសាស្ត្រ​លំដាប់​លេខ ២ នៅលើ​ពិភពលោក​។​

​លោក​បាន​និយាយ​បន្ថែមថា កូរ៉េខាងត្បូង​អាច​ក្លាយជា​មជ្ឈមណ្ឌល​សកល​លោក​សម្រាប់​ផលិត​វ៉ាក់សាំង​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ចក្ខុវិស័យ​បែបនេះ​អាច​ត្រូវបាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​។​

​ប្រភព​នោះបាន​និយាយថា នៅពេលដែល​មេដឹកនាំ​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការពិភាក្សា​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម បណ្តា​មេដឹកនាំ​ធុរកិច្ច​សំខាន់ៗ​អាច​នឹង​អមដំណើរ​ជាមួយ​លោក មូ​ន សម្រាប់​ដំណើរ​ទស្សនកិច្ច​នោះ​៕ (​ប្រភព Yonhab បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​)

អត្ថបទដែលជាប់ទាក់ទង