ករណីជំងឺកូវីដ-១៩ នៅលើសកលលោកមានការថយចុះ ៤ភាគរយ កាលពីសប្តាហ៍មុន
កាលពីថ្ងៃពុធ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់ខ្លួនដែលចេញផ្សាយនៅទីក្រុងហ្សឺណែវថា ករណីឆ្លងជំងឺកូវីដ-១៩ ជាង ៥,៥លាននាក់ និងអ្នកស្លាប់ជាង ៩០ ០០០នាក់ត្រូវបានចុះឈ្មោះនៅទូទាំងពិភពលោកកាលពីក្នុងសប្តាហ៍កន្លងមកនេះ ដែលវាជាចំនួនតិចជាងអំឡុងពេលសប្តាហ៍មុន ៤ភាគរយ។
អង្គការនេះបាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍អំពីជំងឺកូវីដ-១៩ ថា «ចំនួនករណីឆ្លងថ្មី និងការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ នៅលើសកលលោកបានថយចុះបន្តិចនៅក្នុងសប្តាហ៍នេះ ដោយមានករណីឆ្លងជាង ៥,៥លាននាក់ និងអ្នកស្លាប់ជាង ៩០ ០០០នាក់។ ទោះជាយ៉ាងនេះក្តី ករណីឆ្លង និងការស្លាប់នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតមួយចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះមក»។
កាលពីថ្ងៃទី ៣-៩ ខែឧសភា អង្គការពិភពលោកមួយនេះត្រូវបានជូនដំណឹងអំពីករណីឆ្លងថ្មីចំនួន ៥ ៥១៧ ៦០២នាក់នៅទូទាំងពិភពលោក និងករណីស្លាប់ដោយសារជំងឺនេះចំនួន ៩០ ២៤២នាក់។ គិតត្រឹមថ្ងៃទី ៩ ខែឧសភា ករណីឆ្លងសរុបមានចំនួន ១៥៧ ៣៦២ ៤០៨នាក់ និងអ្នកស្លាប់សរុបដែលទាក់ទងនឹងជំងឺនេះ មានចំនួន ៣ ២៧៧ ៨៣៤នាក់ត្រូវបានរាយការណ៍នៅជុំវិញពិភពលោក។
ការកើនឡើងដ៏គួរឱ្យកត់សម្គាល់បំផុតក្នុងករណីឆ្លង (កើនឡើង ៦ភាគរយ) ត្រូវបានចុះបញ្ជីនៅតំបន់អាស៊ីអាគ្នេយ៍ដែលយោងទៅតាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក ក៏រាប់បញ្ចូលនូវប្រទេសឥណ្ឌាផងដែរ។ ករណីឆ្លងបានថយចុះ ២៣ភាគរយនៅអឺរ៉ុប ១៣ភាគរយនៅមេឌីទែរ៉ាណេខាងកើត ៥ភាគរយនៅអាហ្វ្រិក និង ៤ភាគរយនៅអាមេរិកខាងជើង និងខាងត្បូង។
អត្រាមរណភាពបានកើនឡើងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច (កើនឡើង ៣៤ភាគរយ) និងអាស៊ីអាគ្នេយ៍ (កើនឡើង ១៥ភាគរយ) ប៉ុន្តែមានការធ្លាក់ចុះនៅអឺរ៉ុប (ថយចុះ ១៨ភាគរយ) មេឌីទែរ៉ាណេខាងកើត (ថយចុះ ១៣ភាគរយ) អាមេរិកខាងជើង និងខាងត្បូង (ថយចុះ ៤ភាគរយ) និងអាហ្វ្រិក (ថយចុះ ៣ភាគរយ)៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)