ប្រទេសឥណ្ឌា មើលឃើញនូវកំណត់ត្រាថ្មី នៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាង ៤ ២០០នាក់ ក្នុងរយៈពេល ២៤ម៉ោង
ប្រទេសឥណ្ឌាបានកត់ត្រាអំពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៤៨ ៤២១នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងជំងឺនេះចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៅក្នុងប្រទេសនេះបានកើនឡើងដល់ ២៣ ៣៤០ ៩៣៨នាក់។ យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានឱ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីដែលបណ្តាលមកពីជំងឺរាតត្បាតនេះមានចំនួន ៤ ២០៥នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកស្លាប់កើនឡើងដល់ ២៥៤ ១៩៧នាក់។
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលបណ្តាលមកពីការឆ្លងមេរោគកូរ៉ូណាវីរុសនេះបានក្លាយជាកំណត់ត្រាថ្មីមួយខ្ពស់សម្រាប់ប្រទេសឥណ្ឌា។ អត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមានចំនួន ៤ ១៨៧នាក់ដែលត្រូវបានចុះបញ្ជីកាលពីថ្ងៃទី ៨ ខែឧសភា ខណៈដែលតួលេខនៃចំនួនអ្នកស្លាប់កាលពីថ្ងៃទី ៦ ខែឧសភា មាន ៣ ៩៨០នាក់។
យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ៥ ខែឧសភាមក ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីប្រមាណ ៣លាននាក់។ ប្រទេសឥណ្ឌាបានចុះបញ្ជីការឆ្លងថ្មីចំនួនជាង ៣០០ ០០០នាក់ចាប់តាំងពីថ្ងៃទី ២២ ខែមេសា និងជាង ២០០ ០០០នាក់ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា។ ក្នុងពេលជាមួយគ្នានេះ កាលពីមុនដើមខែមីនា ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីប្រចាំថ្ងៃតិចជាង ២០ ០០០នាក់ ដែលអាជ្ញាធរគិតថាប្រទេសនេះបានយកឈ្នះការឆ្លងរាលដាល។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយមានការកើនឡើងក្នុងរយៈពេល ២៤ម៉ោងមកនេះ ដោយមានចំនួន ៣៥៥ ៣៣៨នាក់ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកជាសះស្បើយឈានដល់ ១៩ ៣៨២ ៦៤២នាក់។ អ្នកជំងឺកូវីដ-១៩ ចំនួន ៣ ៧០៤ ០៩៩ នាក់កំពុងបន្តការព្យាបាលដែលតិចជាងកាលពីមួយថ្ងៃមុនចំនួន ១១ ១២២នាក់។
ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី ២ នៅក្នុងទូទាំងពិភពលោក (បន្ទាប់ពីសហរដ្ឋអាមេរិក) បើគិតអំពីចំនួនសរុបនៃការឆ្លងជំងឺកូវីដ-១៩ ហើយស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ទាក់ទងនឹងចំនួនអ្នកស្លាប់ដែលបណ្តាលមកពីការឆ្លងជំងឺនេះ (បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល)។
យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានមនុស្សចំនួន ២ ៤៤៦ ៦៧៤នាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ ហើយចំនួនប្រជាជនសរុបដែលបានទទួលការចាក់វ៉ាក់សាំងមានដល់ ១៧៥ ២៣៥ ៩៩១នាក់។ ក្រសួងនេះបានកត់សម្គាល់ថា ប្រទេសឥណ្ឌានៅតែជាប្រទេសនាំមុខគេមួយចំពោះអត្រាប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំង៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល