លោកឧត្តមសេនីយ៍ទោ សេង ធារិន ត្រៀមក្រុមគ្រូពេទ្យយោធភូមិភាគទី៥ ពាក់អាវសចូលសមរភូមិមុខ តាមបទបញ្ជាថ្នាក់លើ

(បន្ទាយមានជ័យ)៖​ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្រុមគ្រូពេទ្យ ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សរុបចំនួន ២៩នាក់ កំពុងហ្វឹកហ្វឺន បច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចត្តាឡីស័កកម្រិត២ស្ថិតនៅភ្នំកងវ៉ា ខេត្តបន្ទាយមានជ័យ។
គួរកត់សម្គាល់ថា វគ្គហ្វឹកហ្វឺននេះក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ គឺដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួចមានក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមតាមបទបញ្ជារបស់ថ្នាក់លើផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ យើងត្រូវរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងដោះស្រាយ ឲ្យបានឆាប់ ទាន់ពេលវេលា នូវជំងឺឆ្លងរីករាលដាលនេះ។
ស្ថិតនៅក្នុងស្ថានភាពនេះ កងទ័ព មានភារកិច្ចចូលរួមជួយតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ ពិសេស តាមបទបញ្ជារបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត៕(យោធភូមិភាគ៥)
 
អត្ថបទដែលជាប់ទាក់ទង