រដ្ឋាភិបាលអូស្ដ្រាលី ផ្ដល់ថវិកាចំនួន ៤លានដុល្លារអូស្រ្ដាលី បន្ថែមទៀត ដើម្បីឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅកម្ពុជា
រដ្ឋាភិបាលអូស្ដ្រាលីបានចុះកិច្ចព្រមព្រៀងជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ដ្រាលី បន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើកសេដ្ឋកិច្ច និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ថវិកាដែលផ្តល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ជាយន្តការមួយ ប្រកបដោយភាពទន់ភ្លន់ ដែលបាននិងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “អូស្ត្រាលី គឺជាប្រទេសដែលនាំមុខគេក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើបែបនេះ តាមរយៈកម្មវិធីវៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង”។
លោកបានបន្ដថា បើរួមគ្នាយើងអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិនេះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គម ឱ្យបានឆាប់រហ័សដើម្បីឱ្យជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ»។
ឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានថ្លែងថា កូវីដ-១៩ នាំមកនូវបញ្ហាប្រឈមបន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់ថា “ក្នុងនាម ជាដៃគូ និងមិត្តភក្តិយូរអង្វែងរបស់ប្រទេសកម្ពុជា យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ”។
ឯកឧត្ដមបានបន្ថែមថា តាមរយៈការសហការជាមួយ នឹង UNDP យើងក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុង ការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាប័ន្ន បន្ទាប់ពីការរាតត្បាតជាសកលនេះ។
ជាមួយគ្នានេះដែរ ចំពោះថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធី ជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះក្នុង អំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃ ទៀតដែលនឹងត្រូវកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។
សូមរម្លឹកផងដែរថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មូលនិធិនេះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការអនុ វត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ដែលកម្ពុជាកំពុងអនុវត្តន៍ ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន ២៩០ លានដុល្លារអាម៉េរិក ដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៦៩៣ ០០០ គ្រួសារ នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេល នៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នេះ៕ដោយ៖ ប៊ុនរិទ្ធ, សម្រួលផ្សាយ៖ កន ចំណាន