សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា
(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង គម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកត្តញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ពោរពេញទៅដោយព្រះគុណធម៌ ព្រះព្រហ្មវិហារធម៌ ព្រះរាជទសពិធរាជធម៌ដ៏បរិសុទ្ធ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា និងមហាប្រជានុរាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ»។
ជាពិសេសទៅទៀតនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ជួយដល់ប្រតិបត្តិការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងគ្រប់កាលៈទេសៈ ព្រះករុណា តែងបានប្រោសព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ជួយសម្រាលទុក្ខលំបាករបស់ប្រជានុរាស្ត្រងាយរងគ្រោះបំផុត តាមព្រះរាជលំអានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រមទាំង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ «ខ្ញុំម្ចាស់ និងសហការី សូមលំឱនកាយលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី ជាពិសេស ព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមបន្តអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើងរុងរឿង នៃមាតុភូមិអង្គរជាទីស្នេហា និងប្រជានុរាស្ត្ររបស់ព្រះអង្គតរៀងទៅ និងសូមព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕