កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ 2021 109 TNM(ភ្នំពេញ)៖ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបញ្ជាទិញពីរដ្ឋាភិបាលចិន ចំនួន៥០ម៉ឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលជាតំបន់មានការប្រឈមខ្ពស់ និងដើម្បីកាត់ផ្តាច់ការចម្លងវីរុសដ៏ កាចសាហាវមួយនេះឲ្យមានប្រសិទ្ធភាព។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា នាពេលនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា និងលើកទី២ មានចំនួន ៥០ម៉ឺនដូស បានមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។ លោកជំទាវបានបន្តថា វ៉ាក់សាំងកូវីដ-១៩នេះ គឺជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយសារជំងឺដ៏កាចសាហាវនេះ។ លោកជំទាវបន្តថា តាមរយៈវត្តមានវ៉ាក់សាំង នេះ នឹងជួយឲ្យកម្ពុជា អាចសម្រេចបាននូវផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលគ្រោងចាក់ជូនពលរដ្ឋឲ្យបានជាង១០លាននាក់ ត្រឹមឆមាស ទី១ ឆ្នាំ២០២២ ជាមួយការរំពឹងថា នឹងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានភាព សេដ្ឋកិច្ច បានប្រសើរឡើងវិញ។ សំឡេង៖« វ៉ាក់សាំងរបស់យើងមិនមែនអស់ត្រឹម៥០ម៉ឺនដូសនេះទេ ដោយយើងមាន៥០ម៉ឺនដូស ថ្ងៃ នេះហើយថ្ងៃទី១៦យើងមាន ៥០ម៉ឺនដូសទៀត ថ្ងៃទី២៣យើងមាន១លានដូសទៀត ដូច្នោះវ៉ាក់សំាង យើង នឹងមានគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋយើង មិនថាតែនៅតំបន់ក្រហម និងតំបន់ប្រឈមទេ គឺសម្តេចតេជោមានប្រសាសន៍ហើយ នឹងចាក់ជូនប្រជាពលរដ្ឋទាំងអស់។ អ៊ីចឹងហើយបានសុំឲ្យប្រជាពលរដ្ឋទាំងអស់មេត្តា ពេលទៅទទួលវ៉ាក់សំាង ត្រូវអនុវត្តវិធានការសុខាភិបាល ដើម្បីការពារកុំឲ្យឆ្លង ជំងឺ កូវីដ-១៩»។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឲ្យបានរហូតដល់ ទៅជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋឲ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំ។ សម្តេចតេជោ បានបញ្ជាក់កាលពី ពេលថ្មីនេះថា ក្នុងខែឧសភានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបរហូត ១លាន ៥សែនដូស។ ដោយឡែកខែមិថុនា មានចំនួន ៣លានដូស, ខែកក្កដា ២លានដូស,និង ខែសីហា ១លានដូស។ សូមបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាព ពិភពលោក។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង១.៨លាន នាក់ហើយបានចាក់វ៉ាក់សាំង៕ 109 ចែករំលែក