មន្ត្រីអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយសង្រ្គោះសត្វពពូលរស់ជាង ១០០ក្បាល
នៅថ្ងៃ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរហ៊ូត នៃដែនជម្រកសត្វព្រៃកែវសីមា រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត មណ្ឌលគិរី ដោយមានការគាំទ្រពីគម្រោងរបស់អង្គការ WCS បានចុះល្បាតក្នុងភូមិសាស្រ្ត ហើយបានដេញជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់សត្វពពូល ។

ក្នុងប្រត្តិបត្តិការ ក្រុមអ្នកអភិរក្សបានរឹបអូសបានសត្វពពូលប្រមាណជាង ១០០ក្បាល នៅចំណុច ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមា។ ឯជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុ រួមមាន៖ មងទាក់សត្វ និង សត្វពពូលងាប់ចំនួន២៥ក្បាល ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលបង្ក្រាបរួច ក្រុមមន្ត្រីអភិរក្សបានលែងសត្វពពូល នៅក្នុងទ្រុងជាង១០០ក្បាល ឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ រីឯ ជនល្មើសដែលរត់គេចខ្លួននោះត្រូវមន្ត្រីអភិរក្សកំពុងស្វែងរកដើម្បីចាប់ខ្លួនយកមកកាត់ទោសតាមផ្លូវច្បាប់៕

ដោយ ណយ នឿន ប្រភពៈ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី