បទយកការណ៍ ៖ ព័ត៌មាន គឺជាអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន ជាពិសេសក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩

ព័ត៌មាន គឺជាអាហាប្រចាំថ្ងៃ ដែលមនុស្សគ្រប់រូបត្រូវការ​ ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលវីរុសកូវីដ-១៩។ ក្នុងន័យនេះ សារព័ត៌មាន ទាំងស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពាំនាំយកនូវព័ត៌មានពិត និងទាន់ហេតុការណ៍ជូនដល់សាធារណជន ក៏ដូចជាផ្សព្វផ្សាយនូវសារអប់រំ វិធានការការពារ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។​

នៅក្នុងសារលិខិតផ្ញើជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានពិភពលោក” លើកទី២៨ (៣ ឧសភា) កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ “វិស័យសារព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់ ហើយមិនថាតែកម្ពុជានោះទេ សូម្បីតែនៅក្នុងពិភពលោកទាំងមូល ក៏បានចាត់ទុកថា ព័ត៌មានគឺជាអាហារប្រចាំថ្ងៃរបស់សាធារណជនទាំងអស់ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល បាននិងកំពុងរងគ្រោះដោយគ្រោះមហន្តរាយនៃការរីករាលដាលវីរុសកូវីដ-១៩ ដែលបានបំផ្លាញសេដ្ឋកិច្ច ដែលរុញស្ថានភាពប្រទេសនីមួយៗឱ្យជួបការលំបាក និងបានឆក់យកអាយុជីវិតប្រជាជនជាង ៣លាននាក់មកហើយ ហើយមនុស្សប្រមាណជាង ១៥០លាននាក់ទៀត បានឆ្លងវីរុសដ៏កាចសាហាវនេះនៅទូទាំងពិភពលោក គិតមកត្រឹមថ្ងៃនេះ”។

ក្នុងនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពិត ជូនដល់បងប្អូនសាធារណជនទាំងអស់ ក៏ដូចជាសារអប់រំ វិធានការការពារ សារាចរណែនាំផ្សេងៗ ជាពិសេសគឺការអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩នាពេលអនាគត។ សម្តេចតេជោ ក៏បានសំណូមពរឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់បទដ្ឋានគតិយុត្តិនានា ក្រមសីលធម៌។ល។ ចៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ស្ថាប័នខ្លួន ហើយទៅបំពានសិទ្ធិអ្នកដទៃ សិទ្ធិបុគ្គលឯកជន ដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពចលាចលនៅក្នុងសង្គម។ ទន្ទឹមនឹងនោះ សារព័ត៌មាន ក៏ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះ ដែលបង្កើតឡើងដោយជនអគតិមួយចំនួន។

ដោយឡែក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានមានប្រសាសន៍ថា ឯកឧត្តមសូមគាំទ្រទាំងស្រុងចំពោះ ពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងកាលពីជំនួបប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាន កាលពីឆ្នាំ២០១៩ ថា “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ដែលពាក្យស្លោកនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា អ្នកសារព័ត៌មានត្រូវតែគោរពក្រមវិជ្ជាជីវៈសារព័ត៌មាន គោរពក្រមសីលធម៌ គោរពច្បាប់ ។ល។ ហើយមិនត្រូវផ្សព្វផ្សាយនូវអ្វីដែលអាចប៉ះពាល់ដល់កិត្តិយស ឬបំពានបុគ្គលណាមួយនោះទេ។

វិស័យសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជាយើងនេះ មានភាពសំបូរបែប ដោយមានទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ ទំព័រហ្វេសប៊ុក ទូរទស្សន៍អនឡាញ យូធូប ធ្វីតធើ តេឡេក្រាម ។ល។ ដែលបាននិងកំពុងប្រតិបត្តិការយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ និងបញ្ជូនព័ត៌មានពិត ទៅកាន់សាធារណជន។ គិតត្រឹមឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា មានអង្គភាពផ្សព្វផ្សាយតាមគេហទំព័រ និងប្រព័ន្ធអនឡាញ មានចំនួន ៦៦៩អង្គភាព ដែលមានការកើនឡើងរហូតដល់ ១០៧អង្គភាព ធៀបនឹងឆ្នាំ២០១៩។ ក្រសួងព័ត៌មាន ក៏បានចេញកាតសម្គាល់អ្នកសារព័ត៌មាន ទៅដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទូទាំងប្រទេស បានចំនួន ៤ ២៣០នាក់ ដែលមានការកើនឡើង ចំនួន៤៤៣នាក់ ធៀបនឹងឆ្នាំ២០១៩ផងដែរ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងដើរលើផ្លូវត្រឹមត្រូវនៃវិស័យសារព័ត៌មាន ឬអាចនិយាយបានថា កម្ពុជាគឺជាឋានសួគ៌របស់អ្នកប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មាន។

អ្នកសារព័ត៌មាន មានសិទ្ធិសរសេរ វិភាគ បញ្ចេញមតិ និងយោបល់នៅក្នុងអត្ថបទរបស់ខ្លួន ដោយគ្មានការត្រួតពិនិត្យមុនចេញផ្សាយ (censorship) និងដោយគ្មានការគាបសង្កត់ គ្មានការគំរាមកំហែងផ្នែកនយោបាយណាមួយនោះទេ ប៉ុន្តែត្រូវអនុលោមទៅតាមច្បាប់របស់កម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ព្រោះថា មិនថាតែប្រទេសកម្ពុជា ឬប្រទេសនៅក្នុងពិភពលោកទាំងមូល សុទ្ធតែមានច្បាប់របស់ខ្លួន ដែលមិនអនុញ្ញាតឱ្យអ្នកណាម្នាក់រំលោភ ឬធ្វើអ្វីមួយផ្ទុយពីច្បាប់បានឡើយ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាកាលពីពេលថ្មីៗនេះផងដែរថា ៖ “វិស័យសារព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា នៅតែបន្តរក្សាបាននូវបរិយាកាស និងស្ថានភាពល្អជាប្រក្រតី ទោះបីជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលវីរុសកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងសកលលោកទាំងមូល”។ ការលើកឡើងនេះ គឺដើម្បីឆ្លើយតបទៅនឹងអង្គការ និងស្ថាប័នមួយចំនួនតូចដែលបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅកម្ពុជាកាលពីពេលកន្លងមក។

ឯកឧត្តម អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ៖ “បើយើងពិនិត្យជាទិដ្ឋភាពរួម នៃវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ការអនុវត្ត ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាន គឺមានតែមានវឌ្ឍនភាព ជាក់ស្តែងចំនួនអង្គភាពផ្សព្វផ្សាយតាមបែបទំនើប និងចំនួនអ្នកសារជាតិ និងអន្តរជាតិ ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន មានចំនួនកើនឡើងជាបន្តបន្ទាប់។ ចំណុចដែលបានលើកឡើងខាងលើ គឺជាសក្ខីភាពដែលបង្ហាញថាបរិយាកាស និងស្ថានភាពនៃវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា នៅតែមានស្ថានភាពល្អជាប្រកតីដដែល។ ខ្ញុំសូមបញ្ជាក់ជូនផងដែរថា បើទោះបីជាមានការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន ដែលបានប្រព្រឹត្តខុសច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន មួយចំនួនតូចក្តី ក៍វិស័យសារព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ក្នុងស្ថានភាពនៃការរីករាលដាលវីរុសកូវីដ-១៩នេះ នៅតែប្រព្រឹត្តទៅជាប្រក្រតី ដោយគ្មានការគំរាមកំហែង គ្មានការរើសអើង គ្មានការបំបិទសិទ្ធិសេរីភាព ហើយក៏គ្មានការគាបសង្កត់ផ្នែកនយោបាយណាមួយ ទៅលើអ្នកសារព័ត៌មាននោះដែរ”។

ក្នុងនាមជាអ្នកយកព័ត៌មានអាជីព និងមានវិជ្ជាជីវៈម្នាក់ លោកស្រី អ៊ីសា រ៉ហានី អ្នកយកព័ត៌មាន នៃសារព័ត៌មានថ្មីៗ ប្រចាំនៅខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារ AKP ផងដែរថា វិស័យសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរច្រើន ដោយយើងអាចស្វែងរកព័ត៌មានពីគ្រប់ទិសទី និងគ្រប់តំបន់ ហើយបុគ្គលដែលមានសមត្ថកិច្ចផ្តល់ព័ត៌មាន ក៏មានគ្រប់គ្រាន់ ដែលជាបច្ច័យដ៏ល្អមួយសម្រាប់ការបញ្ជាក់នូវប្រភពព័ត៌មានពិតជូនទៅកាន់មិត្តអ្នកអាន បានលឿន និងច្បាស់លាស់ ហើយម៉្យាងវិញទៀត រដ្ឋបាលខេត្តក៏មានបង្កើតក្រុមអ្នកនាំពាក្យ ដែលបានផ្តល់ព័ត៌មាន ឬក៏តាមរយៈសេចក្តីប្រកាសព័ត៌មាន បានរហ័ស ដើម្បីឱ្យអ្នកសារព័ត៌មានបានផលិតព័ត៌មានពិត ជូនទៅមិត្តអ្នកអាន ជាពិសេសគឺព័ត៌មានដែលទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែក៏មានស្ថាប័នមួយចំនួនតូចផងដែរ ដែលពុំទាន់សហការបានល្អនៅឡើយជាមួយនឹងអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការស្នើសុំរបាយការណ៍ តួលេខ ឬក៏ស្ថិតិព័ត៌មានមួយចំនួន។

លោកស្រីបានបញ្ជាក់បន្ថែមថា ក្នុងបរិការណ៍នៃការរីករាលដាលវីរុសកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់នៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប ដែលបាននិងកំពុងអនុវត្តនេះពេលនេះ មិនថាតែប្រជាពលរដ្ឋធម្មតានោះទេ ដែលជួបការលំបាក អ្នកសារព័ត៌មានក៏ដូចគ្នា ព្រោះថាដើម្បីផ្តល់នូវព័ត៌មានពិត ព័ត៌មានទាន់ហេតុការណ៍ ជាដើម អ្នកសារព័ត៌មានត្រូវប្រឈមនឹងតំបន់ហានិភ័យ ដែលទាមទារឱ្យអ្នកសារព័ត៌មានត្រូវតែប្រកាន់យកនូវវិធានការការពារខ្លួនឱ្យបានម៉ត់ចត់ផងដែរ។

លោកស្រីរ៉ហានី បានបន្តថា ព័ត៌មានបែបវិជ្ជាជីវៈ ត្រឹមត្រូវ និងច្បាស់លាស់ គឺមិនអាចខ្វះបាននោះទេក្នុងដំណាក់កាលនៃការរីករាលដាលវីរុសកូវីដ-១៩ នៅពេលនេះ ដើម្បីរាយការណ៍ជូនទៅសាធារណជន អំពីហេតុការណ៍ណាមួយដែលបានកើតឡើងទាំងនៅក្នុងតំបន់ ទាំងនៅក្នុងប្រទេស ក៏ដូចជានៅលើពិភពលោកទាំងមូល។ លោកស្រី ក៏បានសំណូមពរដល់សាធារណជនទាំងអស់ សូមតាមដានរាល់ព័ត៌មានណាដែលមានប្រភពត្រឹមត្រូវ និងមានស្ថាប័នច្បាស់លាស់ ជាដើម។

អ្នកថតរូប និងវីដេអូ ប្រចាំស្ថាប័នសារព័ត៌មានខ្មែរថែមស៍ មួយរូបគឺ លោក ទេព សូនី ក៏បានឱ្យទីភ្នាក់ងារ AKP ដឹងផងដែរថា បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជា គឺមានភាពទូលំទូលាយ ហើយរាជរដ្ឋាភិបាលផ្ដល់សិទ្ធិអាទិភាពជាច្រើនជូនអ្នកសារព័ត៌មាន ដើម្បីបំពេញការងារទៅតាមអ្វីដែលជាគោលដៅរបស់ពួកគាត់ ដោយមិនមានការរឹតត្បិតសិទ្ធិសេរីភាពអ្វីនោះឡើយ។ ប៉ុន្តែសុំកុំឱ្យតែអ្នកសារព័ត៌មាននោះ ទៅបំពានសិទ្ធិអ្នកដទៃ និងធ្វើអ្វីផ្ទុយពីច្បាប់រដ្ឋ ពិសេសច្បាប់ស្ដីពីរបបសារព័ត៌មាន។

លោក ទេព សូនី បានបន្ថែមទៀតថា មិនថាតែប្រជាពលរដ្ឋទេដែលជួបការលំបាកក្នុងដំណាក់កាលនៃការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នៅពេលនេះ គឺមានទាំងអ្នកសារព័ត៌មាន ក៏មិនខុសពីកងកម្លាំងមានសមត្ថកិច្ច ឬក្រុមគ្រូពេទ្យនោះទេ ដោយពួកគាត់ត្រូវចេញទៅយកព័ត៌មាននៅខាងក្រៅ ហើយប្រឈមជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ។ ហើយពេលខ្លះ ពួកគាត់ក៏មិនសូវហ៊ានក្នុងការចេញទៅយកព័ត៌មាននោះទេ ដោយតម្រូវឱ្យធ្វើការងារតាមអនឡាញជាដើម ដែលពេលខ្លះការទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។

បច្ចុប្បន្ននេះ មិនថាតែកម្ពុជានោះទេ ប្រទេសនៅលើពិភពលោក កំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩។ ទន្ទឹមនឹងអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើ ក៏នៅតែមានព័ត៌មានបំពុលជាច្រើន ត្រូវបានចែកចាយ ពិសេសនៅតាមបណ្ដាញសង្គមតែម្ដង។ ជាអ្នកសារព័ត៌មានវិជ្ជាជីវៈម្នាក់ គឺមានតួនាទីសំខាន់ណាស់ ដើម្បីកម្ចាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ តាមរយៈការផ្សាយនូវអ្វីដែលជាព័ត៌មានពិតត្រឡប់ទៅវិញ។ មួយវិញទៀត អ្នកសារព័ត៌មានក្នុងបរិបទនេះ ដើរតួនាទីកាន់តែសំខាន់ ក្នុងការផ្ដល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ពិសេសផ្សព្វផ្សាយអំពីវិធានការសុខាភិបាល និងវិធានការនានា និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ហើយអ្នកសារព័ត៌មាន ក៏បានពាំនាំនូវអ្វីដែលជាបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ជូនស្ថាប័នមានសមត្ថកិច្ច បានដឹង និងបានលឺ ដើម្បីរកដំណោះស្រាយ ផងដែរ។

ជារួម ព័ត៌មានគឺជាអាហារប្រចាំថ្ងៃដែលមិនអាចខ្វះបាន នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទូទៅ ហើយកាន់តែពិសេសទៅទៀតនោះ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលវីរុសកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង