រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១២៦នាក់ ក្នុងនោះមានជាង៣០នាក់ ត្រូវបានរកឃើញក្នុងពន្ធនាគារខេត្ត
TNM(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៦នាក់ទៀត ដែលក្នុងនោះមានជាង ៣០នាក់ ត្រូវបានរកឃើញវិជ្ជមានក្នុងពន្ធនាគារខេត្ត។
គួរបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ -១៩ នៅវេទិកា ៧ មករានៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេលពេល ១៤ ថ្ងៃ។
បន្ថែមលើនោះ អ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ ដងក្នុងមួយថ្ងៃត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧ អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាកថប់ដង្ហើម …។ ល។ រដ្ឋបាលខេត្តព្រះសីហនុ បានទទូចឲ្យប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតាមរយៈទូរសព្ទ 012794 89 ឬ 016 526 520៕
ដោយ៖ កន ចំណាន