សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនអំណោយសប្បុរសធម៌ជាអង្ករ ១០០តោន និងថវិកា ១០០,០០០ដុល្លា ទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតា (TYDA)
TNM(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC បាននាំយកអំណោយសប្បុរសធម៌របស់អង្គការសហព័ន្ធសន្តិភាពសាកល (UPF) ជាអង្ករចំនួន ១០០តោន (ស្មើនឹង ៤០០០ការ៉ុង) និងថវិកាចំនួន ១០០,០០០ដុល្លាអាមេរិក ប្រគល់ជូន «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដោយមានការចូលរួមពី លោក ចំរើន សុផល អគ្គលេខាធិការអង្គការ UPF ប្រចាំកម្ពុជា និងតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសហការី។
សូមគូសបញ្ជាក់បន្ថែមថា វិភាគទានសប្បុរសធម៌ពីអង្គការ UPF នាពេលនេះ ត្រូវបានជូនមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរ ជូនទៅ“សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងកូវីដ-១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជម្ងឺកូវីដ-១៩ ចំនួន ៥១កន្លែង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឈួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានគូសបញ្ជាក់បន្ថែមថា ជំនួយសប្បុរសធម៌នេះ គឺផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាពនិងវិបុលភាព ក្នុងតំបន់និងពិភពលោក៕