រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយរថយន្តគិលានសង្រ្គោះចំនួន៣៥គ្រឿង ប្រគល់ជូនដល់ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿងជូនដល់ក្រសួងសុខាភិបាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ដែល ជំនួយទាំងនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុស កូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។ ពិធីប្រគល់ និងទទួលនេះ ត្រូវបានប្រារព្ធឡើង កាល ពី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ដោយមាន ការចូលរួមរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក ការិម៉ាតា អាត្សឹស៊ី ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ជំនួយនេះគឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិ ការដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ ឯកឧត្ដម អតីត នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេស កាលពីខែ មេសា ឆ្នាំ២០២០។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសកល។

រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបាន ផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ ជូនដល់កម្ពុជា។

ជាមួយគ្នានេះដែរ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការផ្តល់នូវឧបករណ៍ចាំបាច់ ហើយសង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយ ដល់ ភាគីពាក់ព៏ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕

ដោយ រិទ្ធី , សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង