ឯកឧត្ដម ឃួង ស្រេង ចុះដល់ទីតាំងបន្ទប់ជួលរបស់បងប្អូនកម្មករ កម្មការិនី ដើម្បីសម្រប សម្រួល លើតម្លៃផ្ទះជួល និងបញ្ហាការខ្វះខាតស្បៀងអាហារ ស្ថិតនៅតាមបណ្ដោយផ្លូវ វេង ស្រេង

ក្រោយទទួលបានព័ត៌មានពីបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងផ្ទះជួល តាមបណ្តោយ ផ្លូវ វេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងដែរនោះ កាលពីល្ងាចថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានដឹកនាំ អាជ្ញាធរខណ្ឌ និង សង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករទាំងនេះ ហើយក៏បានបញ្ចប់ បញ្ហាភ្លាមៗតែម្តង ។

បើតាមបងប្អូនកម្មករ កម្មការិនីដែលរស់នៅទីនោះបានឱ្យដឹងថា  កម្មករ កម្មការិនី បានជួលបន្ទប់ជួលនៅទីតាំងខាងលើចំនួន៤៧០បន្ទប់ ហើយក្រោយពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះមក ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួលត្រឹមតែ២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីចូលរួមរំលែកនូវការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រ ត្រូវ បានបិទទ្វារដែរនោះ។

តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាល បាន បើកឱ្យ មានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលក៏បានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យ បងប្អូនកម្មករ កម្មការិនី ដែលកំពុងរស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញ ផងនោះ ធ្វើការតវ៉ាចំពោះការឡើងថ្លៃបន្ទប់ជួលនេះ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមាន ការ សម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយ បញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង បានជួយឧបត្ថម្ភដល់បងប្អូនកម្មករ កម្មការិនី ទាំង៤៧០ បន្ទប់ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទទួលបានអង្ករមួយបាវទម្ងន់២៥ គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុង និងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនទៅដល់មុខបន្ទប់ជួលរបស់ បងប្អូន កម្មករតែម្ដង៕ដោយ សួស សំរិត, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង