សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា

TNM(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា «ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩»។

សម្តេចតេជោ បានគូសបញ្ជាក់ថា តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា​​​ នៅក្នុងបុព្វហេតុ​មនុស្សធម៌​ ​ ជា​ពិ​សេសការ​ជួយ​សំរាលទុក្ខលំបាក​​របស់បងប្អូនប្រជាជ​ន ដែលទទួលរងនូវគ្រោះ​ថ្នាក់ដោយសារគ្រោះ​​មហន្ត​រាយ​ផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ​ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។

ឆ្លៀតនាឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ៕

ដោយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង