វ៉ាក់សាំងដែលផលិតដោយប្រទេសចិនកំពុងរង់ចាំការអនុម័តពីសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដែលនឹងក្លាយជាជំនួយដ៏សំខាន់មួយ​ដល់ពិភពលោក

​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) បានចាប់ផ្តើម​ពិនិត្យឡើងវិញ​នូវ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sinovac របស់​ប្រទេស​ចិន ដោយ​និយតករ​កំពូល​របស់​សហភាព​អ៊ឺរ៉ុប​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ហើយ​ក្រុម​អ្នកជំនាញ​បាន​និយាយថា នៅពេលដែល​វ៉ាក់សាំង​នេះ​ត្រូវ​បានអនុម័ត​នោះ​ប្រទេស​ចិន​នឹង​បំពេញ​នូវ​ទំនួល​ខុសត្រូវ​អន្តរជាតិ​របស់ខ្លួន​ជា​មហាអំណាច​មួយ ហើយ​ផ្តល់​ការគាំទ្រ​ដល់​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​។​

​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sinovac និង​វ៉ាក់សាំង Sinopharm ដែល​ផលិត​ដោយ​ប្រទេស​ចិន ក៏​កំពុងស្ថិត​នៅក្រោម​ការវាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ផងដែរ ហើយ​លទ្ធផល​ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

​ទីភ្នាក់ងារ EMA បាន​និយាយថា សេចក្តីសម្រេច​ថា​តើ​វ៉ាក់សាំង Sinovacc អាច​ត្រូវ​បានដាក់​នៅលើ​ទីផ្សារ​អឺរ៉ុប​ដែល​នឹង​ផ្អែកទៅលើ​លទ្ធផល​បឋម​ពី​ការសិក្សា​មន្ទីរពិសោធន៍ និង​គ្លីនិក​។​

​យោងទៅតាម​ទីភ្នាក់ងារ EMA បានឱ្យដឹងថា ការពិនិត្យ​នេះ គឺ​ដើម្បី​ព​ន្លឿ​ន​ការវាយតម្លៃ​ឱសថ​ដែលមាន​ជោគជ័យ​ក្នុង​គ្រាអាសន្ន​សុខភាព​សាធារណៈ​ដែល​អនុញ្ញាតឱ្យ​ទិន្នន័យ​ត្រូវបាន​គេ​ពិនិត្យឡើងវិញ​នៅពេល​វា​អាច​រកបាន​ពី​ការសិក្សា​ដែល​កំពុង​បន្ត​។ ពេលវេលា​ជាក់លាក់​មួយ​សម្រាប់​ការពិនិត្យ​ឡើងវិញ​មិនត្រូវ​បានផ្តល់​ឱ្យ​ទេ ប៉ុន្តែ​ទីភ្នាក់ងារ EMA បាន​និយាយថា ដំណើរការ​នេះ​គួរតែ​ចំណាយពេល​តិចជាង​ធម្មតា​។​

​ប្រភពពី​វ៉ាក់សាំង Sinovac បាន​ប្រាប់​កាសែត Global Times កាលពី​ថ្ងៃ​ពុធ​ថា ដោយសារ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាច្រើន​កំពុង​រងចាំ​ការអនុម័ត​ពី​ទីភ្នាក់ងារ EMA ដំណើរការ​នេះ​មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ វ៉ាក់សាំង​ទាំង ៤ លើក​មុន​ចំណាយពេល​ពី ២ ទៅ ៣​ខែ​ដើម្បី​អនុម័ត បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​បានចាប់ផ្តើម​។​ ទីភ្នាក់ងារ​នេះ​កំពុង​ពិនិត្យឡើងវិញ​នូវ​វ៉ាក់សាំង​ចំនួន ៣ ផ្សេងទៀត គឺ​វ៉ាក់សាំង Sputnik វ៉ាក់សាំង CureVac និង​វ៉ាក់សាំង Novavax ។​

​កន្លងមក ទីភ្នាក់ងារ EMA បានអនុម័ត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន BioNTech and Pfizer ក្រុមហ៊ុន Moderna ក្រុមហ៊ុន AstraZeneca និង​ក្រុមហ៊ុន Janssen ។ ប្រសិនបើ​ត្រូវបាន​អនុម័ត​នោះ វ៉ាក់សាំង Sinovac នឹង​ក្លាយជា​វ៉ាក់សាំង​ដំបូង​ដែល​មិនមែនជា​ផលិតផល​របស់​បស្ចិម​ប្រទេស​ដែល​ទទួលបាន​ការអនុញ្ញាត​នៅក្នុង​ទីផ្សារ​របស់​សហភាព​អឺរ៉ុប​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង