រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីគ្រប់គ្រងស្ថានការណ៍នៃការរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃការរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ដ៏កាចសាហាវឲ្យអស់ នៅពេលដ៏ខ្លីខាងមុខនេះ។

អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញមានសញ្ញា អាចគ្រប់គ្រងស្ថានការណ៍នៃការរាលដាល នៃជំងឺកូវីដ-១៩បានហើយ ខណៈដែលតួលេខការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ភាគច្រើនគឺនៅតែក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ ប៉ុណ្ណោះ ក្រោយពីយកសំណាករួចរាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជាតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿង នៅព្រឹកថ្ងៃទី០៦ ខែ ឧសភា នៅសាលា រាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បើយើងមើលតួលេខ ដែលក្រសួងសុខាភិបាល បានប្រកាស ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានប្រកាសស្តីពីការរកឃើញចំនួនអ្នកដែលវិជ្ជមាននោះ យើងសង្កេតឃើញថា តួលេខនេះមិនថមថយនោះទេ ប៉ុន្តែតួលេខនៃការឆ្លងរាលដាលនៃជំងឺ-១៩នេះ គឺភាគច្រើនជាប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ។ លោកបន្តថា បើបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ក្រហមនិងតំបន់លឿងទុំ អនុវត្តនូវវិធានការ៣កុំនិង៣ការពារ រក្សាតាមអ្វីដែលជាការណែនាំតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នោះស្ថានភាពការរីករាលដាលកាន់តែថមថយ ហើយរាជរដ្ឋាភិបាលនឹងអាចបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបានឆាប់រហ័ស ។

សំឡេង«បងប្អូនប្រជាពលរដ្ឋយើងឆ្ងល់ថា ហេតុអ្វីនៅពេលដែលតួលេខកើនឡើង ហេតុអ្វីបន្តបិទខ្ទប់ បើរាជរដ្ឋាភិបាលឈប់បិទខ្ទប់ ហើយរដ្ឋបាលរាជធានីភ្នំពេញបន្តបិទខ្ទប់តំបន់បន្តទៀត សួរថាជំងឺឆ្លងនៅកន្លែងណា គឺក្រោយពីបិទខ្ទប់ចំនួន៧ថ្ងៃនេះ មានន័យថា រដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាលអាចកំណត់បានតំបន់ប្រាកដប្រជា ហើយចំនួនអ្នកឆ្លងច្រើននេះ គឺឆ្លងនៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលយើងបានកំណត់រួចហើយ ដែលយើងហ៊ុមព័ទ្ធរួចហើយ ដែលពួកគេមិនអាចមានលទ្ធភាពទៅចម្លងតំបន់ផ្សេង បានទេ ប្រសិនបើគាត់ចូលរួម១០០ភាគរយជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ »។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៥ ខែ ឧសភា បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ដោយបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង សម្រាប់រយៈពេល៧ថ្ងៃបន្តទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី ១២ ខែឧសភាឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង