អ្នកការទូតកំពូលៗនៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធចំពោះគោលនយោបាយកូរ៉េខាងជើង

កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេសរ​បស់​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា អ្នកការទូត​កំពូលៗ​របស់​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន បាន​ព្រមព្រៀងគ្នា​ដើម្បី​បន្ត​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ត្រីភាគី ស្តីពី​វិធីសាស្ត្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​កូរ៉េខាងជើង ខណៈដែល​សហរដ្ឋអាមេរិក​បានបញ្ចប់​ការត្រួតពិនិត្យ​គោលនយោបាយ​របស់ខ្លួន​ទៅលើ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​។​

​កិច្ចចរចា​ត្រីភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កូរ៉េខាងត្បូង លោក Chung Eui-yong រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក Toshimitsu Motegi បានធ្វើ​ឡើង​នៅ​ខាងក្រៅ​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស G-7 នៅ​ទីក្រុង​ឡុង​ដ៏​។​

​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋបាល​លោក ចូ បៃ​ដិ​ន បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​បានបញ្ចប់​ការត្រួតពិនិត្យ​គោលនយោបាយ​រយៈពេល​មួយខែ​របស់ខ្លួន​ទៅលើ​ប្រទេស​កូរ៉េខាងជើង ដែល​មន្ត្រី​របស់ខ្លួន​បាន​អំពាវនាវ​ឱ្យមាន​វិធីសាស្ត្រ​មួយ​ដែល​ត្រូវបាន​ក្រិត​តាម​ខ្នាត និង​ការអនុវត្ត​ជាក់ស្តែង​។​

​វា​ត្រូវបាន​កត់សម្គាល់​ជា​លើកដំបូង​ដែល​អ្នកការទូត​កំពូល​នៃ​ប្រទេស​ទាំងបី​បាន​ជួបប្រជុំគ្នា​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ចាប់តាំងពី​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​ក្រសួងការបរទេស​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន បាន​ព្រមព្រៀងគ្នា​ពង្រឹង​កិច្ចសម្របសម្រួល​ដើម្បី​ធ្វើឱ្យមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ និង​ការកសាង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា «​លោក​រដ្ឋមន្ត្រី Blinken បាន​ពន្យល់​ទៅ​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន​អំពី​លទ្ធផល​នៃ​ការត្រួតពិនិត្យ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង ហើយ​អ្នក​ទាំង ៣ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ដំណើរការ​នៃ​ការជំរុញ​គោលនយោបាយ​កូរ៉េខាងជើង​នៅ​ថ្ងៃ​អនាគត​»​។​

​ក្រសួងការបរទេស​បាន​និយាយ​បន្ថែមថា ប្រទេស​ទាំងបី​បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​របស់​ពួកគេ និង​បាន​ព្រមព្រៀងគ្នា​បន្ត​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ក្នុង​លក្ខណៈ​ផលប្រយោជន៍​ទៅវិញទៅមក និង​ឆ្ពោះទៅ​អនាគត​ដើម្បី​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់​៕ (​ប្រភព Yonhab បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង