«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា គួរត្រូវបានសម្លឹងមើល ដោយលក្ខណៈសត្យានុម័ត និងមិនលម្អៀង»
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវ ចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍ ដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
លោកខាងលិចរួមមាន សហភាពអ៊ឺរ៉ុបអង់គ្លេស និងសហរដ្ឋអាមេរិក បានសម្តែងការរិះគន់ និងការព្រួយបារម្ភចំពោះការមិនផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតមួយចំនួន ការលុបចោលការបោះឆ្នោតនៅផ្នែកខ្លះនៃរដ្ឋនិងតំបន់មួយចំនួន ការដកសិទ្ធិបេក្ខជន និងចំនួនអាសនៈជាច្រើន ដែលត្រូវបានបម្រុងទុកសម្រាប់ពួកយោធា ហើយគណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍដែលគាំទ្រដោយយោធាបានចោទប្រកាន់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ថាបានលួចបន្លំសន្លឹកឆ្នោត ហើយបានទាមទារឱ្យរៀបចំការបោះឆ្នោតឡើងវិញ។
ភាពចម្រូងចម្រាសនៃលទ្ធផលនៃការបោះឆ្នោត បានក្លាយជាយុត្តិកម្មដ៏សំខាន់មួយសម្រាប់ពួកយោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ក្នុងការធ្វើរដ្ឋប្រហារ។ យោធា បដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិមួយអំពីប្រជាប្រិយភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រី ធ្លាប់ជាមេដឹកនាំស៊ីវិលចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ២០១៥មក។
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលនានា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ខណៈពេលដែលអាស៊ាននិងរដ្ឋជាសមាជិកមួយចំនួនរបស់ខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ានេះ។ មេដឹកនាំអាស៊ាន បានរៀបចំកិច្ចប្រជុំកំពូលផ្ទាល់មុខគ្នាមួយ ដែលទន្ទឹងចង់បានបំផុត ដើម្បីជួយដោះស្រាយវិបត្តិនេះ។ ជាវោហាស៍នយោបាយ ប្រទេសចិនត្រូវបានគេចោទប្រកាន់ថាបានគាំទ្រយោធាក្នុងការធ្វើរដ្ឋប្រហារ និងមិនបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងរដ្ឋប្រហារ។ ទោះយ៉ាងណា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនបានពាក់ព័ន្ធអ្វីនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដោយបានសង្កត់ធ្ងន់ថា វាជាការចោទប្រកាន់ដោយហេតុផលនយោបាយ និងមិនអាចទទួលយកបាន។
តើវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់បានកើតឡើងយ៉ាងដូចម្តេច? តើប្រទេសចិនមានការជាប់ពាក់ព័ន្ធអ្វីខ្លះ? ហើយតើគេគួរដោះស្រាយវិបត្តិនយោបាយនេះដោយរបៀបណា? សូមអញ្ជើញអានអត្ថបទវិភាគរបស់បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំណងជើងថា «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានម័តនិងមិនលម្អៀង»៕