ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបន្តជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកអំណោយមនុស្សធម៌
រតនគិរី៖ នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញ ប្រគេនអង្ករ ១តោន និងបច្ច័យ ១លានរៀល ដល់ព្រះព្រហ្មធម្មគឹម សុជាតិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តរតនគិរី គង់នៅវត្តសីមាសុវណ្ណគិរី ស្រុកអូរយ៉ាដាវ និងបន្តជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរាក្រីក្រ ចំនួន ២០នាក់ មកពី៥ភូមិ ក្នុងឃុំលំជ័រ ឃុំប៉ាតេ ឃុំយ៉ាទុងនិងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមថងសាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ក្នុងឱកាស នោះដែរឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមរស់នៅដោយយកចិត្តទុកដាក់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបទៅដោយអនាម័យដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ។ ឯកឧត្តមក៏បានផ្សព្វផ្សាយពីសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនិង ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសវាងការចម្លងនៃជំងឺកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍របស់ខ្លួនតាមរយៈការលាងដៃឲ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល រក្សាគម្លាតពីរមួយម៉ែត្រកន្លះ ហើយត្រូវពាក់ម៉ាស់ជាប្រចាំនៅទីប្រជុំជន។អំណោយមនុស្សធម៌ដែលផ្ដល់ជូនរួមមាន ៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកា មួយចំនួន ។
បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះរួចមក ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរយ៉ាដាវ ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបាននិងកំពុងដំណើរសាងសង់ចាប់ពីខែមេសា ឆ្នាំ ២០២១ ធ្វើពីបេតុង ប្រក់ក្បឿង ទំហំ ៥ គុណ១២.៥ ម៉ែត្រ ក្នុងគម្រោងថវិកាចំនួន ១៣,២០០ ដុល្លារ ដែលជាថវិការបស់សប្បុរសជន ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបច្ចុប្បន្ននេះបានដំណើរការសាងសង់បានប្រហែល៥០%ហើយ។





