ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា រៀបចំពិព័រណ៍ឆ្នាំ២០២១ ស្តីពី សិទ្ធិធ្វើអាជីវកម្ម យីហោអាម៉េរិក

ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា សហការជាមួយ នាយកដ្ឋានពាណិជ្ជកម្ម ក្រៅប្រទេស របស់សហរដ្ឋអាមេរិក និងដោយមានការគាំទ្រពីសភាពាណិជ្ជកម្ម អាម៉េរិក នៅកម្ពុជាបានរៀបចំពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាម៉េរិក។ ពិព័រណ៍នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុន អាម៉េរិក ចំនួន ៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និង ក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិន និងក្រុមហ៊ុនកម្ពុជាចំនួនជាង ៣០ ដើម្បីពិភាក្សាពីលទ្ធភាព នៃការសហការគ្នាជាដៃគូ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាព នៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាម៉េរិកច្រើនតែជាវិធីដំបូង ដែលគេភ្ជាប់ការ ទាក់ទងជាមួយសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាម៉េរិក និងយីហោល្បីៗ របស់អាម៉េរិក បានទទួលជោគជ័យ និងកំពុងរីកចម្រើននៅកម្ពុជា រាប់ពីក្រុមហ៊ុន រថយន្ត Ford និង Facebook ដល់ កាហ្វេ Starbucks និង Papa John’s pizza។ ជាមួយគ្នានេះ ប្រជាជនកម្ពុជាចង់បានផលិតផល និងសេវាកម្មប្រកបដោយគុណ ភាពបែបនេះ ហើយគេនៅតែចង់បានច្រើនថែមទៀត។ ពិព័រណ៍នេះគ្រាន់តែជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយស្ថានទូតអាម៉េរិក ក្នុងការណែនាំឱ្យគេស្គាល់ក្រុមហ៊ុនអាម៉េរិកដែលចង់មករកស៊ី នៅកម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានថ្លែងថា លំហូរ នៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន ហើយក្រុមហ៊ុនអាម៉េរិកច្រើនថែមទៀត បន្តមករកស៊ី ក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយនូវរបៀបធ្វើជំនួញប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សា ភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “គេឃើញយីហោទាំងនេះជាច្រើន នៅអាស៊ីអាគ្នេយ៍ នាពេលសព្វថ្ងៃ ជាពិសេស នៅទីក្រុង បាងកក ប្រទេសសិង្ហបូរី និងទីក្រុង ហូជីមិញ”។ ឯកឧត្ដមបានបញ្ជាក់ថា វាដល់ពេលដែលត្រូវឃើញក្រុមហ៊ុនរបស់អាម៉េរិកទាំងនេះ នៅភ្នំពេញផងដែរហើយ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា “ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងធ្វើឱ្យគេដឹងកាន់តែច្រើន ពីឱកាសធ្វើជំនួញដ៏ប្រពៃ ហើយបង្កើតទំនាក់ទំនង ដែលនឹងផ្តល់លទ្ធផល សម្រាប់ប្រទេសទាំងពីរ”៕

អត្ថបទដែលជាប់ទាក់ទង