អភិបាលរាជធានីភ្នំពេញ ទទួលអំណោយពីអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី និងសប្បុរសជនផ្សេងទៀតជាថវិកា ៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលអំណោយពីអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងពីសប្បុរសជនផ្សេងៗទៀតដែលប្រមូលបាននូវ ថវិកាចំនួន៣០ ម៉ឺន ដុល្លារ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្ដ រាជធានី ភ្នំពេញ។ ក្នុងពិធីប្រគល់ និងទទួលថវិកានេះបានធ្វើឡើង កាលពី រសៀលថ្ងៃទី០៣  ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

 ឯកឧត្ដម ឃួង ស្រេង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នក ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែល បាន បរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ដែល មានជីវភាពខ្វះខាត ក្នុងការបិទខ្ទប់ដោយសារតែកូវីដ១៩នេះ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានចាត់ទុកសកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បី ជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជាពិសេស នេះជាគំរូដ៏ល្អមួយសម្រាប់កូន ចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបាន រៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេល ដែល ជួបនូវការលំបាកបែបនេះ។

  ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជា ពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។

អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍ថា ការកៀរគរ អ្នកឧកញ៉ា លោក ឧកញ៉ា លោក ស្រី ដែលជាសប្បុរសជនខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែល លោកឧកញ៉ាបានធ្វើ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារអាម៉េរិក ហើយ យកមក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការចាត់ ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ ។

អ្នកឧកញ៉ា បណ្ឌិតបានអះអាងថា ការបង្វែរថវិកាជាង៣០ម៉ឺនដុល្លារនេះ ជូនមករដ្ឋបាលរាជធានី ភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿ ជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងធ្វើការចាត់ ចែង ជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់បន្ថែមថា ក្រោយពីរួមគ្នាគ្រប់គ្រង ទប់ស្កាត់នូវកា រ រីករាលដាលនៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ា នឹងមានឱកាសបាន រកស៊ីឡើងវិញ។

    សូមបញ្ជាក់ថា ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះគឺមានចំនួន  ៣០២ ២៥០ ដុល្លារ បានមកពីការកៀរគរពីអ្នកឧកញ៉ា លោកឧកញ៉ា លោកស្រី ដែលជា សប្បុរសជនចំនួន៧៤រូប៕

អត្ថបទដែលជាប់ទាក់ទង