សម្តេចពិជ័យសេនា អំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហម មកទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា
TNM(ភ្នំពេញ) ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន អំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការរីក រាតត្បាតជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាព។
យោងតាម ហ្វេសប៊ុក ផ្លូវការ របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានបង្ហោះ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានសរសេរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។
សូមបញ្ជាក់ថា៖នៅថ្ងៃទី០១ ឧសភា រាជរដ្ឋាភិបាល កម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន ៣៣នៃខណ្ឌមានជ័យ, ខណ្ឌដង្កោ,ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។
ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែល នឹងត្រូវចាក់ក្នុងតំបន់ក្រហម ៤ខណ្ឌនេះ មានចំនួនជិត៥០ម៉ឺននាក់។ប្រជាពលរដ្ឋដែលត្រូវ ទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅ ឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារ បញ្ជាក់អត្តសញ្ញាណ ដូចជាអត្ត សញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម៕