លិខិតមិត្តអ្នកអាន៖ ល្បិចនយោបាយ «មាន់រងាវមុនថ្ងៃរះ» ជាសម្រែកខ្មោចស៊ីពែ»
អស់ពីល្បិចមួយចូលដល់ល្បិចមួយ ប៉ុន្តែសុទ្ធសឹងតែជាល្បិចរាក់កំផែលនិងនៅ លើគោក។ អ្នកនយោបាយតុកាហ្វេធ្លាប់បានបង្ហាញជូនក្នុងអត្ថបទមុន រួច ហើយអំពីឧបាយក លទុច្ចរិតរបស់ក្រុម នយោបាយឧទ្ទាមក្រៅច្បាប់ដែលកំពុងធ្វើនយោបាយចង់ឲ្យខ្មែរស្លាប់ដោយសារ កូវីដ-១៩ តាំងពីជំងឺនេះចាប់ផ្តើមផ្ទុះដំបូងមកម្ល៉េះ ប៉ុន្តែ នយោបាយនេះតែងតែទទួលបរាជ័យទាំងស្រុងនិងជារៀងរហូត មក។
ឥឡូវនេះ ខ្ញុំចង់បង្ហាញជ្រុងមួយទៀតនៃឧបាយកលទុច្ចរិតរបស់ក្រុមអ្នក នយោបាយមោហ៍បាំងនេះដែលសារជាតិរបស់វានៅតែដដែលដោយគ្រាន់តែប្តូររូបភាពបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺ «បើធ្វើអ្វីមិនកើត យ៉ាងហោចណាស់ក៏អាចតាមស៊ីពែរដ្ឋាភិបាលលោក ហ៊ុន សែន បានខ្លះដែរតាមរយៈ «នយោបាយមាន់រងាវ មុនថ្ងៃរះ»។
គេនៅចាំបានថា នៅពេលដែលវិធានការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ២សប្តាហ៍ ដំបូងជិតផុតកំណត់នៅថ្ងៃទី ២៨ មេសា មេក្រុមឧទ្ទាមនយោបាយក្រៅច្បាប់បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការ បិទខ្ទប់ ឬបន្ធូរបន្ថយវិធានការខ្លះដោយធ្វើខ្លួនជាអ្នកឈឺឆ្អាលនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្រោយមកទៀត នៅពេលដឹងថា អង្គការមនុស្សធម៌មួយចំនួនបានត្រៀមផ្តល់ជំនួយដល់កម្ពុជា ក្រុមដដែលនេះក៏ធ្វើជាស្រែកអំពាវនាវឲ្យកាកបាទក្រហមអន្តរជាតិជួយដល់ពលរដ្ឋខ្មែរក្នុងតំបន់រាំងខ្ទប់។
ឥឡូវនេះ ដល់ពេលវិធានការបន្ថែមមួយសប្តាហ៍ក្នុងការបិទខ្ទប់ត្រូវផុតកំណត់នៅថ្ងៃទី ៥ ឧសភា អ្នកនយោបាយឧទ្ទាមក្រៅច្បាប់ដដែលក៏ចេញមុខមកនិយាយបែបមនុស្សក្រឡកខួរថា នឹងប្តឹងរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្រសិនបើមិនព្រមបន្ធូរបន្ថយវិធានការបិទខ្ទប់ទេនោះ ដោយចោទថា វិធានការបិទខ្ទប់ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរ កុំឲ្យឆ្លងនិងស្លាប់ដោយកូវីដ ១៩ ដែលរដ្ឋាភិបាលបានដាក់ ចេញគឺជាអំពើ ឃោរឃៅធ្វើឲ្យពលរដ្ឋស្លាប់ដោយអត់បាយ។ នេះហើយដែលហៅថា «នយោបាយមាន់រងាវមុនថ្ងៃរះ»។
ហេតុអ្វី? ពីព្រោះពួកគេដឹងច្បាស់រួចទៅ ហើយថា «ទោះបីជា មាន់មិនរងាវ ក៏ថ្ងៃនៅតែរះ»ពោលគឺទោះបីជាពួកគេមិនស្រែក ក៏ក្រោយរយៈពេល២ឬ៣សប្តាហ៍ វិធានការបិទខ្ទប់នឹងត្រូវបញ្ចប់ឬបន្ថូរបន្ថយជាក់ជាមិនខាន។ ដូច្នេះ ពួកគេក៏ធ្វើជាប្រឹងស្រែកទាមទារដើម្បីចង់ទាញផលចំណេញខ្លះពី នយោបាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ តាមរបៀប«សម្រែកខ្មោចចាំស៊ីពែ»។
ឥឡូវនេះ យើងក្រឡេកមកមើលវិធានការបិទខ្ទប់វិញម្តង។ សំណួរសួរថា «តើមានពលរដ្ឋខ្មែរ ប៉ុន្មាននាក់ហើយដែល បានស្លាប់ដោយអត់បាយដោយសារវិធានការរាំងខ្ទប់នេះ? គឺគ្មានបញ្ហាបែបនេះកើតឡើងទាល់តែសោះ សូម្បីតែមួយករណីក៏គ្មានដែរ»។ ប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារនៅក្នុងតំបន់បិទខ្ទប់សុទ្ធតែទទួលបានការជួយ ឧបត្ថម្ភជាស្បៀងអាហារគ្រប់ៗគ្នា។ ផ្ទុយទៅវិញ ជំងឺកូវីដ-១៩ ទេតើដែល បាននិងកំពុងសម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ទាប់។ អ្វីដែលអាក្រក់ជាងកូវីដ ១៩ ទៅទៀត នោះគឺ មានពពួកមនុស្សដែលចង់ឃើញខ្មែរស្លាប់ច្រើនជាង នេះទៅទៀត។
អ្នកដែលប្រឆាំងនឹងវិធានការការពារកុំឲ្យមនុស្សស្លាប់នោះហើយដែលជាពពួកមនុស្សទុច្ចរិតដែលចង់ឃើញខ្មែរស្លាប់កាន់តែច្រើនដើម្បីខ្លួនអាចកេងចំណេញនយោបាយពីទុក្ខសោករបស់ពលរដ្ឋ។
ប៉ុន្តែ រហូតមកទល់ពេលនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បាននិងកំពុងខិតខំធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយករណីស្លាប់ដោយសាររោគរាតត្បាតដ៏កាចសាហាវ នេះឲ្យនៅក្នុងកម្រឹតតិចតួចបំផុតតាមដែលអាចធ្វើបាន។
លទ្ធផលដែលទទួល បាននៅពេលនេះ គឺកើតចេញពីវិធានការដ៏ម៉ត់ចត់និងមុតស្រួចរបស់រដ្ឋាភិបាលនេះឯង។ ក្រឡេកមើលបណ្តា ប្រទេសមួយចំនួនរាប់ទាំងបណ្តាប្រទេសដែលក្រុមឧទ្ទាមនយោបាយកំពុងជ្រកកោនផង មានមនុស្សស្លាប់រាប់សែន នាក់និងរាប់មឺនសែន ករណីឆ្លងក្នុងមួយថ្ងៃៗ ដោយសារតែវិធានការមិនដិតដល់របស់អាជ្ញាធរនិងការបំពានវិធានការពីសំណាក់ប្រជាពលរដ្ឋ។
គ្មានអ្វីគួរអោយសង្ស័យឡើយ ដែលក្រុមឧទ្ទាមនយោបាយចង់ឃើញពលរដ្ឋខ្មែរ ស្លាប់គរជើងលើគ្នាដូចក្នុងបណ្តាទាំងនោះដែរទើបពួកគេខិតខំ បញ្ចេញសំឡេងបែបមនុស្សដែលមានសតិមិនប្រក្រតីបែប នេះ។ ប្រជាពលរដ្ឋខ្មែរ ពិតជានឹងចងចាំទុកនូវចេតនាទុច្ចរិតរបស់ក្រុមនយោបាយមួយនេះ។ ដូច្នេះ អ្នកដែលជាឃាតកសម្លាប់ពលរដ្ឋខ្មែរពិតប្រាកដគឺក្រុមនយោបាយទុច្ចរិតទាំងនោះទេ ជាពិសេសគឺមេឧទ្ទាមដែលជាត្រកូលក្បត់ជាតិតពូជទេតើពីព្រោះក្រុមនេះតែង តែធ្វើសកម្មភាពនិង ប្រើល្បិចពិសពុលគ្រប់បែបយ៉ាងក្នុងគោលបំណងធ្វើឲ្យវិធានការការពាររបស់រដ្ឋាភិបាលដើម្បីការពារអាយុជីវិតពលរដ្ឋទទួលបរាជ័យ។
លើការជាក់ស្តែង សូម្បីតែវិធានការសុខាភិបាលដែលរដ្ឋាភិបាលក្នុង ពិភពលោក រាប់ទាំងប្រទេសដែលពួកគេកំពុងជ្រកកោនផងក៏បានធ្វើដែរ ដូចជាការតម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស ឬរក្សាគម្លាតសង្គមជាដើមក៏ពួកគេមិន ដែលបានជួយអំពាវនាវឲ្យពលរដ្ឋខ្មែរអនុវត្តដើម្បីការពារអាយុជីវិតពីរោគរាតត្បាតនេះដែរ។ ផ្ទុយទៅវិញ ពួកគេគិតតែពីលេងល្បែង នយោបាយចាស់គំរឹលតាមរយៈការធ្វើវិទ្ធង្សនាដើម្បីធ្វើឲ្យរាំងស្ទះដល់ការអនុវត្តវិធានការសុខាភិបាលដែលដាក់ចេញដោយរដ្ឋាភិបាលទៅវិញ។ ពួកគេខិតខំបំភាន់ បំពុល បំភ្លៃ តាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយជាច្រើនរាប់មិនអស់ដូចជាការប្រមូលសកម្មជនកាន់បដាថតរូបនៅក្រៅ ប្រទេសហើយបង្ហោះថាជារូបនៅស្រុកខ្មែរជាដើម។ ហើយអ្វីដែលអាក្រក់បំផុត គឺ ការប្រើប្រាស់រូបភាពកុមារដើម្បីធ្វើអាជីវកម្ម នយោបាយ។
ល្បិចទាំងអស់នេះ ត្រូវបានពួកគេរៀនសូត្រពីចៅហ្វាយបរទេស ហើយត្រូវបានប្រើប្រាស់ដដែលៗអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងគោលដៅតែម្យ៉ាងគត់គឺបើពលរដ្ឋខ្មែរស្លាប់ ច្រើននិងរងទុក្ខវេទនាខ្លាំងកាលណា គឺពួកគេរំពឹងថានឹងទទួលបានផលចំណេញ នយោបាយនៅពេលនោះដែរ។
ប៉ុន្តែ កម្ពុជាពិតជាមានសំណាងដែលមានមេដឹកនាំជាបុរសខ្លាំងដូចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចកាច់បំបាក់ធ្មុងក្រុមនយោបាយឧទ្ទាមនេះបានគ្រប់ស្នៀត ហើយគ្រប់គ្រងសភាពការណ៍បានយ៉ាងរឹងមាំនៅក្នុងប្រទេស។ ចំណុចខ្លាំងរបស់សម្តេច ហ៊ុន សែន គឺនៅត្រង់ការក្តាប់ សភាពការណ៍យ៉ាងណែននិងគ្រប់ជ្រុង ជ្រោយ ហើយចាត់វិធានការបានយ៉ាងរហ័សទាន់ពេលវេលានិងចំគោលដៅ។ នៅគ្រប់ដំណាក់កាល សម្តេច ហ៊ុន សែន តែងតែដើរមុនសភាពការណ៍គ្រប់ជំហាន ហើយរាល់ចំណាត់ការដែលដាក់ចេញគឺមិនដែលខុស។
ជាក់ស្តែង នយោបាយវ៉ាក់សាំង, ការរៀបចំត្រៀមបម្រុងថវិកា, ស្បៀងអាហារ, ក្រុមគ្រូពេទ្យ, គ្រឿងបរិក្ខាពេទ្យរហូតដល់កន្លែងបូជាសព….
សុទ្ធសឹងជាការត្រៀមខ្លួនទុកមុនបានយ៉ាងល្អមុនពេលដែលសភាពការណ៍បានមកដល់។ សូមកុំភ្លេចថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហៅកាត់ថា THYDA គឺជាកម្លាំងបម្រុងយ៉ាងសំខាន់ក្នុងប្រតិបត្តិការព្យាបាលនិងសង្គ្រោះអ្នកជំងឺកូវីដ ១៩។ ប្រសិនបើគ្មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះទេ ម្ល៉េះសមគ្រូពេទ្យទាំងឡាយនៃមន្ទីរពេទ្យរដ្ឋនឹងត្រូវយកមកប្រើក្នុងប្រតិបត្តិការ នេះដែលធ្វើឲ្យការព្យាបាលជំងឺផ្សេង ទៀតត្រូវបានរាំងស្ទះជាក់ជាមិនខាន។ នេះជាចំណុចយុទ្ធសាស្ត្រ ដ៏សំខាន់ដែលគេមិនអាចមើលរំលងបានឡើយ។ ហេតុដូច្នេះហើយបានជាគេឃើញ«ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ» បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការសង្គ្រោះអ្នកជំងឺកូវីដ ១៩។ នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែ គឺជាយុទ្ធសាស្ត្រ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន សែន។
ចំណែកឯក្រុមឧទ្ទាមនយោបាយក្រៅច្បាប់វិញ ក្រៅពីនយោបាយញុះញង់ ច្រណែន និន្ទា ឈ្នានិស បំពុលបំភាន់និងបំភ្លៃ, ពួកគេមិនចេះធ្វើអ្វីដើម្បីជាអំពើល្អរបស់ក្រុមខ្លួនឡើយក្រៅពីប្រើការល្បិច«មាន់រងាវមុនថ្ងៃរះ»។ ហេតុអ្វីពួកនេះចូលចិត្តប្រើប្រាស់នយោបាយបែនេះជាញឹកញាប់? គឺដោយសារតែ«ពួកគេគ្មានយុទ្ធសាស្ត្រ នយោបាយអ្វីទាំងអស់ ហើយតែងតែដើរ ក្រោយលោក ហ៊ុន សែន គ្រប់ជំហាន។ ដូច្នេះ បើមិនអាចធ្វើអីបាន យ៉ាងហោចណាស់ក៏អាចឆ្លៀតស៊ីពែនយោបាយសម្តេច ហ៊ុន សែនបានខ្លះៗដែរដើម្បីកុំឲ្យបាក់មុខ មាត់ពេក»។
សូមចាំមើលចុះ ទីបំផុត នៅពេលដែលបំណង ចង់ឲ្យខ្មែរស្លាប់ច្រើនមិនបានសម្រេច ពួកគេក៏នឹងបកស្រាយ តាមស្នៀតដដែលដោយឥតអៀនខ្មាសថា«ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនោះមិនត្រូវបានធ្វើទេដោយសារតែរដ្ឋាភិបាលបានបន្ធូរបន្ថយការបិទខ្ទប់តាមសំណើររបស់ខ្លួនហើយ»។ នេះហើយដែលហៅថា «នយោបាយមាន់រងាវ មុនថ្ងៃរះ»ដើម្បីឆ្លៀតស៊ីពែពីនយោបាយរបស់រដ្ឋាភិបាលដែលជាល្បិចកលទុច្ចរិតចាស់គំរឹលរបស់ក្រុមឧទ្ទាមនយោបាយក្រៅច្បាប់។ ល្បិចស្ទើរភ្លើងបែប នេះពិតជាមិនអាចរំលងពីក្រសែភ្នែកមហាជនខ្មែរបានឡើយ៕