កូរ៉េខាងត្បូងប្រឈមនឹងកង្វះវ៉ាក់សាំងជំងឺកូវីដ-១៩

​កាលពី​ថ្ងៃអាទិត្យ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង​អាច​នឹង​ប្រឈមមុខ​នឹង​ការខ្វះខាត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ចំនួន​វ៉ាក់សាំង​នៅពេលនេះ​មាន​តិចជាង ១០​ភាគរយ​នៃ​ចំនួន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដូ​ស​ដែល​នៅសល់ ដោយបាន​បង្កើន​ការព្រួយបារម្ភ​អំពី​ការពន្យារពេល​ក្នុង​កាលវិភាគ​នៃ​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ​។​

​ក្រុមការងារ​គ្រប់គ្រង​ការចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​នេះ​បាន​និយាយថា ប្រទេស​នេះ​ទទួលបាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ចំនួន ២​លាន​ដូ​ស​ហើយ​រហូតមក​ដល់ពេលនេះ ហើយ​ប្រជាជន​ចំនួន ១,៨២​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នេះ​ចំនួន ២​ដូ​ស​គិត​ត្រឹម​ថ្ងៃអាទិត្យ​។​

​នៅពេលនេះ នៅសល់​វ៉ាកសាំង​តែ ១៦៦ ៧១៦​ដូ​ស ឬ​ស្មើនឹង ៨,៨​ភាគរយ​នៃ​ចំនួន​សរុប​ប៉ុណ្ណោះ​។ វ៉ាក់សាំង​ទាំងនេះ​អាច​ត្រូវបាន​ផ្តល់​ដល់​មនុស្ស​ប្រហែល ២០០ ០០០​នាក់ ប្រសិនបើ​ស៊ឺ​រ៉ាំ​ង LDS ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​បង្កើន​ចំនួន​អ្នកទទួល​ត្រូវបាន​ប្រើប្រាស់​។​

​ដោយ​ពិចារណា​ទៅលើ​ប្រជាជន​ជាង ១០០ ០០០​នាក់​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ កម្រិត​ដែល​នៅសល់​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អស់​ក្នុង​រយៈពេល​តិចជាង​ពីរ​ថ្ងៃ លើកលែង​តែមាន​វ៉ាក់សាំង​បន្ថែមទៀត​ត្រូវបាន​ចែកចាយ​ក្នុង​រយៈពេល​ជា​ប៉ុន្មាន​ថ្ងៃនេះ​។​

​នៅពេល​មុននេះ អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា ខ្លួន​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន ៨,៦៧​លាន​ដូ​ស​បន្ថែមទៀត​ពី​ក្រុមហ៊ុន AstraZeneca និង​តាមរយៈ​គម្រោង​វ៉ាក់សាំង COVAX សកលលោក​របស់​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ខែមិថុនា​ខាងមុខនេះ ប៉ុន្តែ​នៅ​មិនទាន់បាន​បង្ហាញ​អំពី​កាលវិភាគ​លម្អិត​នៅឡើយ​ទេ​។​

​ក្រុម​សម្របសម្រួល​ការចាក់​វ៉ាក់សាំង​កាលពី​ខែ​មុន​បាន​ណែនាំ​ឱ្យ​ប្រជាជន​ទទួល​ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទី ២ ក្នុង​រយៈពេល​ពី ១១ ទៅ ១២​សប្តាហ៍​ពី​ការចាក់​ដូ​ស​ទីមួយ ដែល​កាលពីមុន​បាន​ណែនាំ​ឱ្យ​ចាក់​ដូ​ស​ទី​ពីរ​នៅ​រយៈពេល​ពី ៨ ទៅ ១២​សប្តាហ៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ពិចារណា​ទៅលើ​ការផ្គត់ផ្គង់​វ៉ាក់សាំង​។​

​ខណៈដែល​មន្ត្រី​សុខាភិបាល​បានចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដំបូង​នឹងត្រូវ​ទទួល​ការចាក់​ដូ​ស​ទី ២ ចាប់ពី​ថ្ងៃទី ១៤ ខែឧសភា​ទៅ ដែល​អាចធ្វើ​ឱ្យមាន​ភាព​ស្មុគស្មាញ​ដល់​កាលវិភាគ​នៃ​ការចាក់​វ៉ាក់សាំង​៕

អត្ថបទដែលជាប់ទាក់ទង