ប្រធាន គ.វ.ក១៩ ៖ អនុ គ.វ.ក១៩ ក្របខណ្ឌក្រសួងការពារជាតិ មានវ៉ាក់សាំង ចំនួន ៩០ម៉ឺនដូស (ដូសទី១ និងដូសទី២) សម្រាក់ចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (អនុ គ.វ.ក១៩) ក្របខណ្ឌក្រសួងការពារជាតិ មានវ៉ាក់សាំងស៊ីណូរ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ក្នុងដៃរួចហើយ ដែលផ្តល់ជូនដោយ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃម្សិលមិញ ដើម្បីចាប់ផ្តើមដំណើរការនៅថ្ងៃនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលអាយុចាប់ពី ១៨ឆ្នាំឡើង ហើយដែលនៅក្នុងតំបន់ក្រហម មានក្នុងខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ។

លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ៖ “យុទ្ធនាការនេះ នឹងចាប់ផ្តើមនៅថ្ងៃនេះ ក្រោមការចាត់ចែងរៀបចំសម្របសម្រួលជូនបងប្អូន និងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានការទទួលខុសត្រូវរៀបចំចាត់ចែងចាក់ដោយ អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌក្រសួងការពារជាតិ មានកិច្ចសហការសម្របសម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅតាមខណ្ឌនីមួយៗ។ អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្សដែលអាចជា ការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ ក៏បាននិងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤ នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង ២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ”។

លោកជំទាវក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមខណ្ឌទាំង៤ខាងលើ មេត្តារក្សាសណ្ដាប់ធ្នាប់ល្អ មានវិន័យត្រឹមត្រូវ រក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ម៉ែត្រឡើងទៅ) ជាចាំបាច់ មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ។

ក្នុងករណីមិនទាន់ដល់វេនរបស់ខ្លួនទេនោះ បងប្អូនមិនត្រូវមកប្រជ្រៀតគ្នា និងសូមមេត្តារងចាំដល់វេន ដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំង ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេលវេលានៅទីកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវចងចាំថា “យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយកវីរុសកូវីដ-១៩ មុនពេលបានចាក់វ៉ាក់សាំងនោះឡើយ”។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺ កាត់បន្ថយបាននូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩ នៅក្នុងសរីរាង្គកាយរបស់បងប្អូន ហើយបងប្អូនក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងដែលប្រជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងនេះដែរ។ សុខភាពរបស់បងប្អូន គឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួន ដោយមិនមានអ្នកណាអាចជួយធ្វើជំនួសបានឡើយ ការឆ្លងជំងឺកូវីដ-១៩ ឬមិនឆ្លង អាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩។

លោកជំទាវវេជ្ជបណ្ឌិត បានរម្លឹកផងដែរថា ៖ “សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចថា បុគ្គល គឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់ សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពបុគ្គលផ្ទាល់ខ្លួនឯង រីឯ គ្រូពេទ្យ គឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់ នៅពេលដែលបុគ្គលនោះមានជំងឺ ឬកំពុងតែឈឺហើយតែប៉ុណ្ណោះ ជួនកាលជួយបានរួចផុតពីសេចក្ដីស្លាប់ ជួនកាលជួយមិនបាន ក៏មានការស្លាប់បាត់បង់ជីវិត។ វីរុសកូវីដ-១៩ នេះ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវឱ្យបុគ្គលម្នាក់ៗ ត្រូវចេះរស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ”។

ជាចុងក្រោយ លោកជំទាវ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវសុខភាពល្អ សំណាងល្អទាំងអស់គ្នា ដែលបានមកពីការអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងដោយសុវត្ថិភាព និងមានវេនចាក់ត្រឹមត្រូវ + នៅផ្ទះ (ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះ មិនត្រូវចេញដើរក្រៅផ្ទះឡើយ) និងបានចៀសផុតពីការគំរាមកំហែងសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ នេះ គ្រប់ៗគ្នា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ១៣ ៧៩០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨ ៤៨៧នាក់ ហើយវីរុសនេះ ក៏បានសម្លាប់ប្រជាពលរដ្ឋខ្មែរ រួមទាំងជនបរទេស ចំនួន ៩៦នាក់ហើយ៕

អត្ថបទដែលជាប់ទាក់ទង