ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរដល់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច កំពុងនៅសមរភូមិមុខ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
TNM(ភ្នំពេញ)៖ នៅក្នុងឱកាសអបអរសាទរខួបទី១៣៥ទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរដល់ មន្រ្តី និងបុគ្គលិកសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង ក៏ដូចជាក្រុមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តគ្រប់រូប ដែលកំពុងនៅសមរភូមិមុខប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានគណៈកម្មាធិការទី៧ បានគូសបញ្ជាក់ថា វិរភាពអង់អាចក្លាហានរបស់អ្នកទាំងអស់គ្នា គឺជាទំនុកចិត្តដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ចៀសផុតពីការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី សូមបួងសួង សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងសម្រាកព្យាបាលជំងឺនេះ ឆាប់បានជាសះស្បើយ និងអាចត្រលប់មកផ្ទះសម្បែង និងបំពេញការងារ អាជីវកម្មជាប្រក្រតីឡើងវិញ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មាធិការទី៧ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសអនុវត្តម៉ឺងម៉ាត់នូវវិធានសុខាភិបាល ៣កុំ ៣ការពាារ មិនថាក្រោយពេលឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឬក្រោយពេលបានទទួលវ៉ាក់សាំងនោះទេ ដើម្បីយើងប្រាកដថា ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នឹងមិនមានវត្តមានសារជាថ្មីលើទឹកដីកម្ពុជា៕