ប្រមុខក្រសួងការពារជាតិសម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាពិសេសតំបន់ក្រហម

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅតាមបណ្តាខណ្ឌចំនួន៤ រួមមានខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ។
ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា ការផ្សព្វផ្សាយ​ប្រគល់​ភារកិច្ច​ដល់​ក្រុមការងារ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុង​តំបន់​ដែលមាន​ហានិភ័យ ចាប់ដំណើរការចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ 2021 តទៅ ដែលមានគណៈកម្មការ​ចំពោះ​កិច្ច​បានប្រគល់​ឲ្យ​កងយោធពល​ខេមរភូមិន្ទ ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ចំនួន​បួន គឺ​នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល​។​
សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ហានិភ័យ​នេះ គឺជា​ក្តីសង្ឃឹម​និង​ជឿជាក់​មួយទៀត​សម្រាប់​ប្រយុទ្ធប្រឆាំង​ជាមួយនិង​កូ​វីដ​១៩ ដែលជា​ជំងឺ​រាតត្បាត​ដល់​កាច​សាហាវ​នេះ​។
គួរបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។
សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ប្រឹងប្រែង​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​កុំអោយ​ឆ្លង​រោគ​កូ​វីដ​-១៩​។ មកទល់ពេលនេះ កម្ពុជា​បានទទួល​បាន​វ៉ាក់សាំង​ចំនួន​ជិត ៤​លាន​ដូ​ស​រួចមកហើយ ហើយ​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជំនួយ និង​ទិញ​ពី​ប្រទេស​ចិន​។
សូមបញ្ជាក់ថា វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ រួមមាន​៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៣​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ទិញ​ពី​ប្រទេស​ចិន ចំនួន ២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន ៣២៤,០០០​ដូ​ស​។​
​តាមរយៈ​វ៉ាក់សាំង​ទាំងនេះ កម្ពុជា បាន​ប្រឹងប្រែង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ ១​លាន ៣​សែន​នាក់​ហើយ​។ កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​២ ក្នុង​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែល​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ច្រើន​ជូន​ប្រជាពលរដ្ឋ​៕
អត្ថបទដែលជាប់ទាក់ទង