រដ្ឋបាលខេត្តកណ្តាលផ្តល់អាទិភាពចាក់វ៉ាកសាំងដល់កម្មករតាមរោងចក្រក្នុងស្រុកចំនួន ៣មុនគេ

TNM(ខេត្តកណ្តាល) ៖ បានសម្រេចផ្តល់អាទិភាពដល់ស្រុកចំនួន៣ក្នុងខេត្តកណ្តាល សម្រាប់ការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ដល់កម្មករនិយោជិតដែលធ្វើការតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

តាមការបញ្ជាក់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មកររោងចក្រនៅក្នុងស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេ ក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្ដាល នៅពេលដែលរាជរដ្ឋាភិបាល ទម្លាក់វ៉ាក់សាំងនេះជូនដល់ខេត្តកណ្ដាល។

ការសម្រេចនេះ បន្ទាប់ពីមានកម្មករនិយោជិតដែលធ្វើការងារតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងស្រុកទាំង៣នេះ មានការឆ្លងនូវជំងឺកូវីដ-១៩ជាបន្តបន្ទាប់ និងមានរោងចក្រខ្លះ បានសម្រេចបិទទ្វារផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ និងធានាដល់និរន្តរភាព សេដ្ឋកិច្ចនៅក្នុងខេត្តកណ្ដាល ប៉ុន្តែសម្រាប់អ្នកបម្រើការងារ នៅក្នុងស្រុកចំនួន៣ខាងលើ ត្រូវបានផ្តល់អាទិភាពមុនគេ។

សូមបញ្ជាក់ថា ក្នុងចំណោមស្រុកទាំង៣ខាងលើនេះ គឺមានស្រុកអង្គស្នួលសម្បូរទៅដោយរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងច្រើនជាងគេ ដែលមានចំនួន១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង៦ម៉ឺននាក់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាល បានបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មានកម្មករ និង និយោជិតប្រមាណជិត៣.០០០នាក់ នៅក្នុងរោងចក្រចំនួន១០ ក្នុងស្រុកអង្គស្នួល ត្រូវបានយកសំណាករកវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេបាន ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង