សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង3នាក់ក្រោយពេលកាប់ចាក់គ្នាប្រើដាវគប់ជាប់ពីក្រោយឆ្អឹងខ្នងយុវជនម្នាក់ឲ្យរងរបួសធ្ងន់
ខេត្តស្ទឹងត្រែង: ក្មេងទំនើងពីរក្រុមក្រោយពីបង្កទំនាស់កាប់ចាក់គ្នាមួយប្រាវដូចក្នុងរឿងកុនហុងកុងបានប្រើដាវគុកជាប់ពីក្រោយចំឆ្អឹងខ្នងយុវជនម្នាក់ឲ្យរងរបួសធ្ងន់ ដោយបានសាច់ញាតិបងប្អូនដឹកយកមកសង្គ្រោះទៅឯមន្ទីរពេទ្យបង្អែកខេត្ត កើតហេតុកាលពីវេលាម៉ោង6និង30នាទី ព្រលប់ ថ្ងៃទី 27 ខែមេសាឆ្នាំ 2021 នៅត្រង់ចំណុចមុខវត្តឆ្វាំង ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ នៅថ្ងៃទី 29 ខែមេសានេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តស្ទឹងត្រែង ធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតបំបែករឿងក្តីខាងលើនេះ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន 3 នាក់នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។
លោក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្មេងទំនើងដែលជាជនសង្ស័យមានគ្នាទាំងអស់បួននាក់ កម្លាំងសមត្ថកិច្ចរបស់យើងចាប់ឃាត់ខ្លួនបានចំនួន 3 នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់ ដោយពួកគេបានធ្វើសកម្មភាពវាយកាប់ចាក់ទៅលើជនរងគ្រោះឈ្មោះគង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅក្នុងបន្ទុកឪពុកម្ដាយ។ ជនសង្ស័យមានបក្សពួកចំនួន4នាក់ ទី១ឈ្មោះ ហុន ម៉េងណាំង ហៅ ណាង ទី២ឈ្មោះ អាងតុលា ទី៣ឈ្មោះ គង់ ចន្ថា និងទី៤ឈ្មោះ ហ៊ន ប៊ុនថន។
លោកនាយការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត បានបញ្ជាក់ថា ករណីខាងលើនេះ បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យឬជនដៃដល់បានប្រាប់ថា ក្រោយពីបានកាប់ចាក់បង្កទំនាស់ ដោយយកផ្លែដាវគប់ជាប់ឆ្អឹងខ្នងត្រូវជនរងគ្រោះរួចហើយ ខ្លួនគេនិងបក្សពួកបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនតែម្តង។
ក្រោយកើតហេតុក្រុមគ្រួសាររបស់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវភ្លាមៗ រួចហើយក៏ចាប់ឃាត់ខ្លួនបានជនសង្ស័យ2នាក់ នៅភូមិសំអាង និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ ទោះបីរត់ផុតពីទឹកដីនៃខេត្តស្ទឹងត្រែង ក៏ដោយ កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងរបស់យើងបានសហការជាមួយកម្លាំងសមត្ថកិច្ចរបស់ខេត្តក្រចេះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់មកបន្ថែមទៀតបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសួរនាំ ហើយក៏បានដឹងថាបក្សពួករបស់គេនៅមានម្នាក់ទៀតតែត្រូវបានរត់គេចខ្លួនបាត់ស្រម៉ោល។
ដោយឡែកជនសង្ស័យទាំង3នាក់ ដែលកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបានខាងលើ រួមនឹងវត្ថុតាងដាវសាំរ៉ៃ1ដើម ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការសាលាដំបូងខេត្ត នារសៀលថ្ងៃទី ២៩ មេសានេះ ចាត់ការតាមនីតិវិធីនៃច្បាប់៕(ពុទ្ធាស្ទឹងត្រែង)