អគ្គីភ័យឆាបឆេះផ្ទះអស់ចំនួន2ខ្នងនិងសម្ភារៈមួយចំនួននៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយអ្នកនៅក្នុងផ្ទះប្រហេសធ្វើអោយឆេះនិងទុសេខ្សែភ្លើង

TNM(ខេត្តកំពង់ចាម) ៖កាលពីវេលាម៉ោងប្រមាណជា2 រសៀលថ្ងៃទី 28 ខែមេសាឆ្នាំ 2021 មានករណីអគ្គីភ័យឆាបឆេះឆ្លងតគ្នាពីផ្ទះមួយ ទៅផ្ទះមួយទៀតអស់ចំនួន2 ខ្នង រួមនឹងទ្រព្យសម្បត្តិ សម្ភារៈអស់មួយចំនួន ដែលគេសង្ស័យថាបណ្ដាលមកពីទុស្សេខ្សែភ្លើង ដែលស្ថិតនៅចំណុចចុងថ្នល់ ក្នុងភូមិមេម៉ាយសង្កាត់បឹងកុក ក្រុង ក្រុងកំពង់ចាម ។

ប្រភពពីម្ចាស់ផ្ទះដែលរងគ្រោះម្ខាងមានឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ 46 ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យគៀនជ្រៃក្រៅ រស់នៅក្នុងភូមិ សង្កាត់ខាងលើលើកឡើងថាផ្ទះរបស់គាត់សង់អំពីឈើនៅពីលើមួយកំណាត់ខាងក្រោមថ្ម ប្រក់ស័ង្កសី មានទំហំ 8 ម៉ែត្រគុណនឹង 20 ម៉ែត្រ នៅពេលកើតហេតុដំបូង រូបគាត់រួមនិងប្រពន្ធមិនបានមើលឃើញឬដឹងថាមានភ្លើងបានមកឆាបផ្ទះរបស់គាត់នោះទេ លុះដល់ពេលអណ្ដាតភ្លើង ឆេះឡើងសន្ធោសន្ធៅទៅហើយ ទើបបានក្រឡេកមើលទៅឃើញ រួចនាំគ្នាផ្អើលឆោឡោ ស្លន់ស្លោ រត់បម្រុងចូលទៅបើកទ្វាយកសម្ភារៈតែត្រូវបានភ្លើងឆេះអណ្ដាតភ្លើងបុកចេញមកខាងក្រៅចូលទៅក្នុងផ្ទះមិនរួច ។ ភ្លាមៗនោះក៏បានទំនាក់ទំនងតេទៅហៅរករថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឱ្យមកជួយធ្វើការអន្តរាគមន៍ តែគួរឲ្យសោកស្ដាយ ផ្ទះចំនួន 2 ខ្នង ត្រូវបានអគ្គីភ័យលេបឆាប់ឆេះអស់ទៅហើយ ទោះបីរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងជួយបាញ់ទឹកពន្លត់ ក៏មិនអាចធ្វើសង្គ្រោះបានទាំងស្រុងបានឡើយ ក៏ប៉ុន្តែបានជួយបាញ់ទឹកពន្លត់ភ្លើងមិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលរស់ជិតខាងនោះបន្តទៀត។
ម្ចាស់ផ្ទះដែលរងគ្រោះខាងលើនោះបានបញ្ជាក់ថា ផ្ទះគាត់បានបញ្ឈប់ការជួលឲ្យគេប្រហែលកន្លះខែទៅហើយ រួចហើយគាត់រួមនិងប្រពន្ធក៏បានទៅបោះជូតសំអាតត្រួតពិនិត្យមើល ដោយចេញមកវិញក៏បានកាច់បិទប៉ារ៉ែតប្រពន្ធភ្លើងនៅក្នុងផ្ទះអស់ហើយ បន្ទាប់មកបានបិទទ្វារចាក់សោ អត់មានមនុស្សរស់នៅក្នុងនោះទេ អញ្ចឹងវាមិនអាចមានការផ្ទុះសេខ្សែភ្លើងបង្កឱ្យមានភ្លើងឆាបឆេះនៅក្នុងផ្ទះរបស់គាត់បានឡើយ ។ តែបែរជាម្ចាស់ផ្ទះដែលឆេះរងគ្រោះភាគីម្ខាងទៀតមានឈ្មោះតាន់ វ៉ាន់ថុន ភេទស្រី អាយុ 66 ឆ្នាំរស់នៅចំណុចកើតហេតុខាងលើ បានចោទប្រកាន់ថា ភ្លើងឆាបឆេះផ្ទះ របស់គាត់ គឺបង្កឡើងដោយមានអណ្ដាតភ្លើងឆេះចេញពីផ្ទះរបស់ជនរងគ្រោះដូចគ្នាដែល ឈ្មោះពេជ្រឃុន ។ ក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះរបស់លោក ពេជ្រ ឃុន នេះដែរលោកបានស្នើសុំឲ្យអាជ្ញាធរ រួមនឹងសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតឲ្យបានច្បាស់លាស់ផងព្រោះអីផ្ទះរបស់គាត់បានបិទកុងតាក់ប៉ារ៉ែតភ្លើងនិងបិទទ្វារចាក់សោអត់មានមនុស្សនៅនោះទេ តើសមទេ ដែលម្ចាស់ផ្ទះ ដែលឆេះភាគីម្ខាងទៀតនោះ បានចោទប្រកាន់ ថែមទាំងខ្លួនឯង ជាអ្នកបានរស់នៅក្នុងផ្ទះ នៅមុនពេលកើតហេតុ នឹងពេលកំពុងកើតហេតុ ហើយថែមទាំងផ្ទះរបស់ខ្លួនបានបើកប្រើប្រាស់ភ្លើងអគ្គិសនីជារៀងរាល់ថ្ងៃទៀតផង។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុគេបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ឆេះចេញពីផ្ទះ ឈ្មោះតាន់ វ៉ាន់ថុន ឆេះអណ្ដាតភ្លើងចេញតាមបង្អួច ឆេះឆ្លងតាមជញ្ជាំងផ្ទះ ចូលមកផ្ទះ ឈ្មោះ ពេជ្រ ឃុន នោះតែម្ដង លុះដល់ភ្លើងឆេះសន្ធោសន្ធៅខ្លាំងឡើង ទើបបានម្ចាស់ផ្ទះនាំគ្នាផ្អើលឆោឡោ ខ្លះទៅជញ្ជូនអីវ៉ាន់ និងខ្លះទៀតតេហៅឡានទឹក។ ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់មករថយន្តពន្លត់អគ្គីភ័យក៏បានមកដល់ជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ តែគួរឱ្យសោកស្ដាយមិនអាចសង្គ្រោះបាននោះទេ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងទៅហើយ។រថយន្តអគ្គីភ័យទាំងអស់ មានចំនួនបួនគ្រឿងដែលបានមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន 11 ឡាន ។

ឥឡូវនេះអាជ្ញាធររួមនឹងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមកំពុងនៅធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមដានក្នុងករណីអគ្គីភ័យ ដែលបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន 2 ខ្នងនៅចំណុចខាងលើនោះនៅឡើយទេ។

ដោយឡែកអង្គភាព ទូរទស្សន៍TNM TV online របស់យើងមិនអាចទំនាក់ទំនងសុំធ្វើការបំភ្លឺទៅអាជ្ញាធររួមនិងសមត្ថកិច្ចជំនាញបាននៅឡើយទេ។

(សហការីTNM )

អត្ថបទដែលជាប់ទាក់ទង