ខេត្តកំពង់ធំបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់ទៀត ក្រោយធ្វើតេស្តរហ័ស Rapid Test

TNM(ខេត្តកំពង់ធំ) ៖ អាជ្ញាធរខេត្តកំពង់ធំបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ចំនួន១០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុកស្ទោង។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មេសា នៅភូមិលាភទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាក នៅសាលាបឋមសិក្សា ព្រះនាងដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតដល់មាន ការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិ សាស្ត្រ ដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យ តាមដាន សុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

អត្ថបទដែលជាប់ទាក់ទង