ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថបុរាណLianhua Qingwen មិនមែនជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះទេ

TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថបុរាណLianhua Qingwen មិនមែនជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះទេ ប៉ុន្តែគ្រាន់តែជាឱសថមួយដែលប្រើប្រាស់ទៅតាមរោគសញ្ញាដែលមានក្នុងការណែនាំរបស់ឱសថប៉ុណ្ណោះ ខណៈដែលក្រសួងសុខាភិបាល អនុញ្ញាឱ្យមានការនាំចូល ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា ក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានអនុញ្ញាតចុះជាបញ្ជីការ ដើម្បីមានការប្រើប្រាស់នូវឱសថបុរាណមួយប្រភេទ ជាថ្នាំគ្រាប់ ឈ្មោះថា Lianhua Qingwen ដែលឱសថនេះជាឱសថបុរាណទំនើបរបស់ចិន និងផ្សំឡើងពីរុក្ខជាតិច្រើនមុខ ដើម្បីប្រើប្រាស់ ដូចថ្នាំសម័យរបស់យើងអ៊ីចឹងដែរ ។ ឯកឧត្តមវេជ្ជបណ្ឌិត បញ្ជាក់ថា បន្ទាប់ពីការអនុញ្ញាតទៅលើឱសថនេះ គឺនាយកដ្ឋានឱសថ និងចំណីអាហារនៃក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវ យ៉ាងច្រើនពាក់ព័ន្ធជាមួយនឹងឯកសារអំពីកន្លែងដែលផលិតឱសថនេះ ដែលមានទីតាំងនៅប្រទេសចិន ហើយមានឯកសារដែលពាក់ព័ន្ធជាមួយគោលការផលិតកម្មល្អនៃឱសថនេះ ដែលមានការទទួលស្គាល់ដោយរដ្ឋាភិបាលចិន ។ បន្ថែមពីនោះទៀតឱសថបុរាណនេះគឺ វាកើតឡើងពីការរួមផ្សំនៃរុក្ខជាតិនិងមានប្រវត្តិនៃការរកឃើញយូរលង់មកហើយ ហើយក្នុង បណ្តាប្រទេសអាស៊ានយើងក៏មានការប្រើប្រាស់ដែរ ប៉ុន្តែមិនមែនជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះទេ។  « ដូច្នេះខ្ញុំសូមបញ្ជាក់ថា ឱសថនេះមិនមែនជាឱសថដែលព្យាបាលជំងឺកូវីដ-១៩នោះទេ ប៉ុន្តែគ្រាន់តែជាឱសថមួយដែល បងប្អូនយើងអាច ប្រើប្រាស់ទៅតាមរោគសញ្ញាដែលមានការណែនាំនៅក្នុងប្រអប់ឱសថនោះ ហើយក្រសួងក៏បានធ្វើការណែនាំបន្ថែមទៀត ពាក់ព័ន្ធជាមួយការប្រើប្រាស់ឱសថ នេះ ។ អ្វីដែលខ្ញុំចង់បញ្ជាក់នោះគឺថា ឱសថនេះមិនមែនជាឱសថដែល ក្រសួងសុខាភិបាលអនុម័តឱ្យ ព្យាបាល ជំងឺកូវីដ-១៩នៅឡើយទេ ដូច្នេះគឺវាផ្អែកទៅលើភស្តុតាងវិទ្យាសាស្រ្តច្រើនទៀត ដើម្បីឱ្យប្រទេសនានាទទួលស្គាល់ ឬប្រទេស កម្ពុជាយើងអនុម័តក្នុងការប្រើប្រាស់ ក្នុងការព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែក្នុងពេលនេះគឺអត់មានទេ » ។ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ថា ឱសថនេះក្រសួងសុខាភិបាលកម្ពុជា ដាក់ឱ្យប្រើគឺជាឱសថមួយដែលអាចព្យាបាលជំងឺ ជាច្រើនមុខ រួមមាន ជំងឺផ្តាសាយ គ្រុនក្តៅ ឈឺក្បាល តឹងច្រមុះ ហៀរសម្បោរ ក្អកស្ងួត ឈឺបំពង់ និងអណ្តាតឡើងក្រហមជាដើម ។ គួរជម្រាបថា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឱសថ បុរាណចិន Lianhua Qingwen Capsules ចំនួន ៨៦,០០០ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន កាលពីពេលថ្មីៗនេះ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង