ក្រុមវេជ្ជបណ្ឌិតឥណ្ឌាសង្ឃឹមថានឹងទទួលបានវ៉ាក់សាំង Sputnik V ឆាប់ៗនេះ
កាលពីថ្ងៃអង្គារ លោកវេជ្ជបណ្ឌិត Sandeep Nayar ប្រធានជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យឯកទេសជាន់ខ្ពស់នៃទីក្រុងញូវដែលីបាននិយាយប្រាប់សារព័ត៌មាន TASS ថា ក្រុមវេជ្ជបណ្ឌិតឥណ្ឌាកំពុងទន្ទឹងរងចាំទទួលវ៉ាក់សាំង Sputnik V របស់រុស្ស៊ីនាពេលដ៏ខ្លីខាងមុខនេះ។
លោកបានចង្អុលបង្ហាញថា «វ៉ាក់សាំង Sputnik V មានការសិក្សាល្អ និងមានការបម្រុងទុកល្អ ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងមានវ៉ាក់សាំងនេះក្នុងពេលឆាប់ៗ»។
ប្រធានផ្នែកត្រួតពិនិត្យឱសថរបស់ឥណ្ឌាបានអនុម័តសម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ីនេះកាលពីថ្ងៃទី ១២ ខែមេសា។ ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី លោក Kirill Dmitriev បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសឥណ្ឌានឹងទទួលបានកញ្ចប់វ៉ាក់សាំង Sputnik V ជាលើកដំបូងនៅថ្ងៃទី ១ ខែឧសភា។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងប្រើប្រាស់វ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ ចំនួនពីរប្រភេទ គឺវ៉ាក់សាំង Covishield ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford និងវ៉ាក់សាំង Covaxin ដែលផលិតដោយក្រុមហ៊ុន Bharat Biotech របស់ប្រទេសឥណ្ឌា៕ (ប្រភព ក្រសួងព័ត៌មាន)