ប្រទេសរុស្ស៊ីអញ្ជើញសហរដ្ឋអាមេរិកឱ្យចាប់ផ្តើមកិច្ចសន្ទនាស្ថេរភាពយុទ្ធសាស្ត្រ
កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូបានអញ្ជើញទីក្រុងវ៉ាស៊ីនតោនឱ្យចាប់ផ្តើមកិច្ចសន្ទនាស្តីពីស្ថេរភាពយុទ្ធសាស្ត្រ និងពិភាក្សាអំពីការបង្កើតបរិយាកាសសម្រាប់ការរួមរស់ដោយគ្មានជម្លោះ។
ថ្លែងនៅក្នុងសម័យប្រជុំមួយនៃគណៈកម្មាធិការអន្តរជាតិ និងគណៈកម្មាធិការការពារជាតិនៃសភាជាន់ខ្ពស់រុស្ស៊ី លោក Ryabkov បានរំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រគល់ភារកិច្ចដល់រដ្ឋាភិបាលក្នុងការផ្តួចផ្តើមកិច្ចចរចាស្តីពីអាវុធយុទ្ធសាស្ត្រ និងស្ថេរភាពពិភពលោក នៅក្នុងសុន្ទរកថាថ្មីៗនេះរបស់លោកទៅកាន់សភា។
លោក Ryabkov បាននិយាយដោយត្រូវដកស្រង់សម្តីរបស់សភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីថា «កិច្ចចរចានេះអាចមានគោលបំណងបង្កើតបរិយាកាសសម្រាប់ការរួមរស់ដោយគ្មានជម្លោះ។ ខ្ញុំចង់កត់សម្គាល់ថា យើងបានអញ្ជើញរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន រួចរាល់ហើយដើម្បីចាប់ផ្តើមកិច្ចសន្ទនាស្ថេរភាពជាយុទ្ធសាស្ត្របន្តពីអ្វីដែលលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ និងដើម្បីពិភាក្សាអំពីកង្វល់របស់យើងនៅក្នុងវិស័យនេះ ព្រមទាំងដើម្បីរកវិធីដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់»។
សំណើនេះដើម្បីចាប់ផ្តើមកិច្ចសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចំពេលដែលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ ខណៈដែលសហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានធ្វើសកម្មភាពវាយប្រហារ និងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០ ។
ទីក្រុងវ៉ាស៊ីនតោនបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០នាក់ និងបានដាក់ទណ្ឌកម្មទៅលើបុគ្គល និងអង្គភាពមួយចំនួន ខណៈដែលបណ្តាធនាគារ និងមូលនិធិរបស់សហរដ្ឋអាមេរិកក៏ត្រូវបានហាមឃាត់មិនឱ្យទិញមូលបត្របំណុលដែលមានមូលដ្ឋានលើប្រាក់រូប្លលនោះទេ។
ជាការឆ្លើយតប ប្រទេសរុស្ស៊ីបានប្រកាសបណ្តេញអ្នកការទូតសហរដ្ឋអាមេរិកចំនួន ១០នាក់ និងបានផ្តល់យោបល់ថា ប្រេសិតសហរដ្ឋអាមេរិក លោក John Sullivan ឱ្យវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញដើម្បីពិគ្រោះយោបល់ ហើយក៏ហាមឃាត់ពលរដ្ឋអាមេរិក ៨នាក់មិនឱ្យចូលក្នុងប្រទេសនេះ និងដាក់ការរឹតត្បិតផ្សេងៗទៅលើមូលដ្ឋានការទូតសហរដ្ឋអាមេរិក៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)