អាស៊ានជួយដល់សាធារណរដ្ឋឆេកក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយជំងឺកូវីដ-១៩
គណៈកម្មាធិការអាស៊ាននៅទីក្រុងប្រាក (ACP) កាលពីថ្ងៃទី ២៦ ខែមេសា បានប្រគល់ចំណីអាហារទៅឱ្យសហព័ន្ធចំណីអាហារឆេកដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ នៅសាធារណរដ្ឋឆេក។
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Kenssy D. Ekangingsih ដែលបច្ចុប្បន្នជាប្រធានប្តូរវេននៃ ACP បានពណ៌នាអំពីសកម្មភាពនេះថា ជាការបង្ហាញនូវភាពរស់រវើកសម្រាប់សាមគ្គីភាពរវាងអាស៊ាន និងសាធារណរដ្ឋឆេក។
នេះ គឺជាសកម្មភាពសហប្រតិបត្តិការមួយរវាងបណ្តាប្រទេសនៅអាស៊ាន ដែលរួមមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម និងសាធារណរដ្ឋឆេក ក្នុងក្តីសង្ឃឹមជួយដល់ប្រជាជនក្នុងតំបន់ដែលកំពុងជួបការលំបាកដោយសារបញ្ហាជំងឺកូវីដ-១៩ ។
ប្រធានសហព័ន្ធធនាគារស្បៀងអាហារឆេក លោកស្រី Veronika Lachova បានថ្លែងអំណរគុណដល់បណ្តាប្រទេសនៅអាស៊ានដែលបានជួយគាំទ្រដល់សាធារណរដ្ឋឆេក ដោយលោកបាននិយាយបន្ថែមថា អង្គការសប្បុរសធម៌របស់សហព័ន្ធនៅក្នុងទីក្រុង និងខេត្តចំនួន ១៥ នឹងផ្តល់ចំណីអាហារទាំងនេះដល់ជនក្រីក្រ។
លោកស្រីបាននិយាយថា សហព័ន្ធបានទទួលបញ្ជីអ្នកស្រុកជាង ១៦០ ០០០នាក់ ដែលត្រូវបានរងគ្រោះដោយសាររោគរាតត្បាតនេះ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក លោក Thai Xuan Dung បានប្រាប់អ្នកសារាព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមថា នៅក្នុងឆ្នាំនេះ ការិយាល័យតំណាងបរទេសនៅក្នុងប្រទេសនេះ ដែលរួមទាំងការិយាល័យមកពីប្រទេសវៀតណាមផងនោះ បានបរិច្ចាគស្បៀងអាហារ ឱសថ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដើម្បីជួយដល់ជនក្រីក្រដើម្បីជំនះឧបសគ្គដ៏លំបាក។
លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះមានសារសំខាន់ក្នុងការបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងប្លុកអាស៊ាន ក៏ដូចជារវាងអាស៊ាន និងសាធារណរដ្ឋឆេក។
លោកក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់រដ្ឋាភិបាលឆេក និងអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបុគ្គលិកពេទ្យជួរមុខដែលបានផ្តល់ការព្យាបាលយ៉ាងគគ្រឹកគគ្រេងដល់អ្នកជំងឺកូវីដ-១៩ ជនជាតិវៀតណាម៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)