ករណីឆ្លងជំងឺកូវីដ-១៩ នៅបន្តកើនឡើងនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍

TNM(ភ្នំពេញ)​ ៖ ​កាលពី​ថ្ងៃទី ២៧ ខែមេសា យោងតាម​ក្រសួងសុខាភិបាល​ឡាវ​បានឱ្យដឹងថា ប្រទេស​ឡាវ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧៥​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​នេះ​កើនឡើង​ដល់ ៥១១​នាក់​។​

​ ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍ និង​រោគរាតត្បាត​នៃ​ក្រសួងសុខាភិបាល​ឡាវ លោក Phonepadith Xangsayarath បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី​វៀង​ច័ន្ទ​ន៍​ប្រទេស​ឡាវ​នៅថ្ងៃនោះ​ថា ក្នុងចំណោម​ករណី​ថ្មី​ទាំងនោះ មាន​ករណី​ថ្មី​ចំនួន ៥៩​នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍ ៨​នាក់​នៅក្នុង​ខេត្ត​ចំប៉ា​សាក់ ៤​នាក់​នៅក្នុង​ខេត្ត​វៀងចន្ទន៍ និង​ម្នាក់ៗ​នៅក្នុង​ខេត្ត​សុវណ្ណ​ខេត្ត ខេត្ត​បរ​កែវ ខេត្ត​ហ្លួងព្រះបាង ខេត្ត​សៀង​ខួង​។​

​ខេត្ត​ក្រុង​ចំនួន ១៥ ក្នុងចំណោម​ខេត្ត​ក្រុង​ទាំង ១៨ របស់​ប្រទេស​ឡាវ​បាន​រាយការណ៍​អំពី​ករណី​ជំងឺ​កូ​វីដ​-១៩ ដែល​រួមមាន​ខេត្ត​ចំនួន ៨ ដែល​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​មួយចំនួន​របស់​វៀតណាម​ដូចជា​ខេត្ត Son Son ខេត្ត Dien Bien ខេត្ត Nghe An ខេត្ត Ha Tinh ខេត្ត Quang Binh ខេត្ត Quang Tri ខេត្ត Thua Thien-Hue ខេត្ត​Quang Nam និង​ខេត្ត Kon Tum ។​

​ពេលបច្ចុប្បន្ន​នេះ ទីក្រុង និង​ខេត្ត​ទាំងអស់​របស់​ឡាវ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ការបិទ​ខ្ទប់​។​

​ក្រសួងសុខាភិបាល​ហ្វីលីពីន (DOH) កាលពី​ថ្ងៃទី ២៧ ខែមេសា បាន​រាយការណ៍​ថា​មានការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧ ២០៤​នាក់ ដែលនាំឱ្យ​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​កើន​ដល់​ចំនួន ១ ០១៣ ៦១៨​នាក់​។​

​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ១៦ ៩១៦​នាក់ បន្ទាប់ពី​អ្នកជំងឺ ៦៣​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​ក្រសួង DOH បានផ្តល់​អនុសាសន៍​ឱ្យ​បន្ត​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ទីក្រុង​មេត្រូ​ម៉ានីល និង​ខេត្ត​ជាប់​គ្នា​ចំនួន ៤ របស់ខ្លួន ដោយបាន​សង្កត់ធ្ងន់​ទៅលើ​ភាពចាំបាច់​ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​៕

 

អត្ថបទដែលជាប់ទាក់ទង