មន្ទីរទេសចរណ៍ខេត្តកោះកុងបានពង្រឹងការអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់នៅតាមតំបន់កម្សាន្ត
TNM(ខេត្តកោះកុង) ៖ ក្រោយពីរាជរដ្ឋាភិបាលបើកឱ្យដំណើរការនូវវិស័យទេសចរណ៍ឡើងវិញ មន្ទីរទេសចរណ៍ខេត្តកោះកុងបានអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ដល់ក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ពិសេសធានាបាននូវសុវត្ថិភាពភ្ញៀវទេសចរដែលទៅលេងកម្សាន្ត។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានមានប្រសាសន៍ថា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាដោយអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវសេវាកម្មទេសចរណ៍នានាទូទាំងប្រទេសនោះមន្ទីរទេសចរណ៍ខេត្តកោះកុងក៏បានពង្រឹងនូវសេវាកម្មទេសចរណ៍របស់ខ្លួនដោយអនុវត្តទៅ តាមវិធានសុខាភិបាលក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍ពិសេសនោះវិធាន៣ការពារ៣កុំរបស់រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ។
លោកប្រធានមន្ទីរបានបន្តថា ដើម្បីធានាសុវត្ថិភាពទាំងអ្នកបំរើសេវាកម្មទេសចរណ៍ក៏ដូចជាភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តនៅតំបន់នានាក្នុងទឹកដីតំបន់ឆ្នេរនៃទិសនិរតីនោះមន្ទីរក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ចុះត្រួតពិនិត្យ ណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវកត់អាសយដ្ឋាននិងលេខទូរស័ព្ទរបស់ភ្ញៀវទេសចរ ហើយត្រូវបំពាក់ប្រព័ន្ធ QR code នៅតាមទីតាំងដែលផ្ដល់សេវាកម្មទេសចរណ៍និងតម្រូវឱ្យភ្ញៀវទេសចរស្កេនជាកំហិតមុនចូលកម្សាន្តនៅកន្លែងនីមួយៗនោះ។ទន្ទឹមនឹងនោះ ត្រូវពិនិត្យកម្តៅបាញ់អាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
“ពេលភ្ញៀវទៅដល់យើងត្រូវតែស្កេន QR code ដែលបានដាក់នៅតាមរមណីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារនិងទី ២ យើងអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាគឺវិធានការ ៣ការពារ៣កុំហើយអនុវត្តតាមវិធានសុខាភិបាលរបស់យើងហ្នឹង។ទី៣ទទួលភ្ញៀវត្រឹមចន្លោះមួយដែលសមរម្យហើយមានគម្លាត និងសល់ទីធ្លាបានទូលាយមិនឱ្យលើសចំណុះឡើយ”។
លោកប្រធានមន្ទីរបន្តទៀតថា ក្នុងបរិបទកូវីដ១៩នេះ ក្នុងនាមជាប្រតិបត្តិករទេសចរណ៍យើងត្រូវតែពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យកាន់តែល្អជាងមុនទ្វេដង ថែរក្សាអនាម័យបរិស្ថានឱ្យស្អាតជានិច្ចរួមនិងរក្សាតម្លៃផលិតផលឱ្យបានសមរម្យដើម្បីទាក់ទាញភ្ញៀវទេសចរទោះបីឋិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
សូមបញ្ជាក់ថា រាល់អ្នកដំណើឆ្លងកាត់ខេត្តកោះកុង ត្រូវមានវិធានការដូចជា៖
១. អ្នកបានចាក់វ៉ាក់សាំងរួច ២ ដង រយៈពេល ១ ខែក្រោយចាក់លើកទី២ មិនចាំបាច់ពិនិត្យមើលតេស្តរហ័សទេ ប្រសិនបើគ្មានរោគសញ្ញាសង្ស័យ ។
២. ករណី បានចាក់វ៉ាក់សាំងរួចរាល់ត្រឹមត្រូវ (១ ខែក្រោយចាក់លើកទី ២ ) + មានរោគ សញ្ញាសង្ស័យ ត្រូវធ្វើតេស្តរហ័ស
៣.មានលិខិតបញ្ញាក់លទ្ឋផលកូវីដអវិជ្ជមានក្នុងថ្ងៃធ្វើដំណើរ សុពលភាព ១ថ្ងៃតែប៉ុណ្ណោះ ។
៤. ក្រៅពីចំណុចទី ១ ទី ២ និង ទី ៣ ខាងលើ គឺតម្រូវឱ្យធ្វើតេស្តរហ័សទាំងអស់ ដើម្បីកាត់ផ្ដាច់កុំឱ្យមានការចម្លងថ្មីនៃជំងឺកូវីដ-១៩៕