WHO ៖ វីរុសកូវីដប្រភេទថ្មីមានប្រភពមកពីឥណ្ឌាកំពុងក្លាយជាក្តីបារម្ភដល់បណ្តាប្រទេសលើពិភពលោក

TNM(ហ្សឺណែវ) ៖ ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា វីរុសកូវីដប្រភេទថ្មី មានប្រភពមកពីឥណ្ឌា កំពុងឆ្លងរាលដាលដល់រាប់សិបប្រទេសនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

ចំណែកទីភ្នាក់ងារសុខភាព អង្គការសហប្រជាជាតិ បានបញ្ជាក់ថា វីរុសកូវីដប្រភេទថ្មី ដែលគេឱ្យឈ្មោះថា B1617 បានកំពុងវិវត្តន៍ខ្លួនឆ្លងយ៉ាងឆាប់រហ័ស ឆ្លងដល់១៧ប្រទេស គិតមកទល់ពេលនេះ។ ទន្ទឹមនោះ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺវីរុសដែលឆក់យកជីវិតប្រជាជនឥណ្ឌារាប់សែននាក់នេះ មានកម្រិតនៃការឆ្លងលឿនជាងវីរុសកូវីដធម្មតា ហើយមានឥទ្ធិពលអាចប្រឆាំងនឹងការការពាររបស់វ៉ាក់សាំងថែមទៀតផង។

បើតាម WHO បានអះអាងថា ស្តីពីវីរុសឆ្លងរាតត្បាតនោះថា ករណីភាគច្រើនបានពាក់ព័ន្ធនឹងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី។ នាពេលថ្មីៗនេះ WHO បានចុះបញ្ជីវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B1617 ជា «វីរុសបំប្លែងខ្លួនដែលត្រូវផ្តោតចំណាប់អារម្មណ៍»។ ប៉ុន្តែរហូតមកទល់ពេលនេះ វាបានវិវឌ្ឍទៅជា «វីរុសបំប្លែងខ្លួនថ្មី ដែលបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង»។ ប្រការនេះមានន័យថា B1617 ពិតជាមានគ្រោះថ្នាក់ជាងវីរុសដើម ដូចជាអាចមានសមត្ថភាពចម្លងបានលឿន អាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងបាន។

ប្រទេសឥណ្ឌាកំពុងប្រឈមនឹងករណីឆ្លង និងស្លាប់ថ្មីៗជាច្រើន លើសប្រទេសនានាក្នុងពិភពលោក ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវ COVID-19 នេះ ហើយការភ័យខ្លាចកំពុងកើនឡើងដែលថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចរួមចំណែកដល់មហន្តរាយ ដែលកំពុងកើតឡើង។

សូមជម្រាបថា ប្រទេសឥណ្ឌានៅថ្ងៃអង្គារម្សិលមិញ បានកត់ត្រាករណីឆ្លងថ្មីៗលើស ៣០០,០០០ករណីតែឯង ដែលបានជំរុញឱ្យករណីឆ្លងសរុប នៅទូទាំងពិភពលោកកើនឡើងដល់ជាង ១៤៧លាននាក់ និងស្លាប់ ៣.១លាននាក់៕

អត្ថបទដែលជាប់ទាក់ទង