ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ផ្លែស្វាយកម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសចិន
(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់ ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។
ប្រភពដដែល បានបន្តថា នេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែង ទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ។ កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានត្រួតពិនិត្យលើបញ្ជីឈ្មោះនៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញខាងលើ។ នាថ្ងៃទី២៦ ខែមេសា រដ្ឋបាលគយបានអនុម័តនិងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី២ដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីដំណាំចេក។
គួរបញ្ជាក់ផងដែថថា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម៕