ក្រោយពេលបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ មានភ្ញៀវទេសចរជិត៧០០នាក់ចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ

TNM(សៀមរាប) ៖ អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ភ្ញៀវទេសចរសរុប៦៩៦នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៦៨០នាក់ និងភ្ញៀវអន្តរជាតិចំនួន១៦នាក់ បានចូលទស្សនាតាមគោលដៅប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលទើបតែបើក ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានបិទរយៈពេលជិត២០ថ្ងៃ ដោយអនុវត្ត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

របាយការណ៍របស់អាជ្ញាធរអប្សារាបញ្ជាក់ថា ប្រាសាទភ្នំបាខែង បានទទួលភ្ញៀវទេសចរច្រើនជាងគេចំនួន២២៧នាក់ ប្រាសាទអង្គរវត្ត១១៦នាក់ ប្រាសាទភិមានអាកាស៥៣នាក់ និងបណ្តាប្រាសាទគោលដៅសំខាន់ៗ ប្រមាណជាង២០កន្លែង ផ្សេងទៀតក្នុងតំបន់រមណីយដ្ឋានអង្គរក៏បានទទួលភ្ញៀវជាច្រើនផងដែរ។

ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការបង្ការធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងនេះ។

ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្ត ជាប្រចាំនូវវិធានការ ៣កុំ ៣ការពារឲ្យបានជាប់ជាប្រចាំ។

ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឲ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ចុះឈ្មោះដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ជាពិសេសមិនឲ្យមានការប្រមូលផ្តុំ ឬការឈរកៀកៗគ្នាឡើយ៕

អត្ថបទដែលជាប់ទាក់ទង