វ៉ាក់សាំងកូវីដ១៩ «ស៊ីណូហ្វាម» ជាជំនួយរបស់រដ្ឋាភិបាលចិន ៤០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែក
TNM(ភ្នំពេញ) ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
បើតាមលោកជំទាវថា វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ ក្នុងនោះលើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន៧០ម៉ឺនដូស។
សូមជម្រាបថា កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន ៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស៕