សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនពរដល់ជនរួមជាតិ នា​ថ្ងៃ​បុណ្យវិសាខបូជានេះ

TNM(ភ្នំពេញ)៖ ថ្ងៃ១៥កើត ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជន អាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

ឆ្លៀតនាឱកាសថ្ងៃ​បុណ្យវិសាខបូជានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង