រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហមទាំងអស់ ទៅធ្វើតេស្ត រកវីរុសកូវីដ-១៩ ជាកំហិត

TNM(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហមទាំងអស់ ទៅធ្វើតេស្ត រកវីរុសកូវីដ-១៩ ជាកំហិត ដើម្បីកាត់ផ្តាច់ឱ្យបាននូវការចម្លងជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជា«តំបន់ក្រហម» ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេច និងវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម បន្តថាចំពោះមុខនេះ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ «តំបន់ក្រហម» ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ,ទីតាំងបណ្តោយផ្លូវ លេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា,និងវិហារព្រះយេស៊ូទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ដោយឡែកចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅសាលាបឋមសិក្សាសុភមង្គល, ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ និងដីឡូតិ៍ ខាងក្រោយផ្សារឯករាជ្យIII ក្នុងភូមិត្រពាំងថ្លឹង១ ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ។

បើតាមឯកឧត្តម គឹម សនិ្តភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឱ្យដឹងដែរថា ប្រសិនបើប្រជាពលរដ្ឋរស់នៅតំបន់ក្រហម មិនសហការ ជាមួយមន្ដ្រីសុខាភិបាល ដើម្បីយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវពិន័យចាប់ពី ១លានរៀល ទៅ៥លានរៀល ។

ឯកឧត្តមបញ្ជាក់ថា ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើស នេះ រួចផុតពីកាតព្វកិច្ច ក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង