សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំអំណោយមនុស្សធម៌ចែកពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ចំនួន៧ខ្នង នៅស្រុកស្វាយជ្រំ
TNM(ខេត្តស្វាយរៀង) ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារ គ្រោះធម្មជាតិ នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការីបានចុះសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅធ្វើឲ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង (ខូចខាតទាំងស្រុង៤ខ្នង ខូចខាតស្រាល៣ខ្នង) នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ទន្ទឹមនោះ លោកជំទាវក៏បានសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកជំទាវបានបន្តទៀតថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល”។
ជាមួយគ្នានោះ លោកជំទាវក៏សូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ព្រោះចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើងយើងទាំងអស់គ្នា មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ហេតុនេះសូមបងប្អូនស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង។
សូមជម្រាបថា អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ ៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ៣០គ.ក្រ ធុងទឹក១ កៅស៊ូតង់១ ឆ្នាំបាយ-សម្ល២ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ២០០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល៣ គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕