ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
TNM(ខេត្តកំពង់ចាម) ៖ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ ដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការជួសជុលកែលម្អ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាខណៈដែល បច្ចុប្បន្ន ដំណើរការជួសជុល សម្រេចការងារបានប្រមាណជា ៨០% នោះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលកំពុងធ្វើការកែលម្អសណ្ឋាគារមេគង្គ ធ្វើយ៉ាងណា ពន្លឿនការងារនេះ ឲ្យបានឆាប់រួចរាល់ ទាំងមានគុណភាព និងសោភណ្ឌភាព។ ក្នុងនោះ ក៏ត្រូវរៀបចំបន្ទប់ សម្រាប់បុគ្គលិកពេទ្យប្រចាំការ និងបន្ទប់សម្រាប់អ្នកជម្ងឺ រួមទាំង ការរៀបចំនូវបណ្តាញទឹក និងភ្លើងថ្មីឡើងវិញ ក៏ដូចជា ការសម្អាតបរិស្ថាន ក្នុងអគារ និងទីធ្លានៅខាងក្រៅអគារ ឲ្យបានស្អាតល្អ ដើម្បី ប្រែក្លាយសណ្ឋាគារមេគង្គនេះ ឲ្យក្លាយទៅជា មន្ទីរពេទ្យ ប្រកបដោយផាសុខភាព និងផ្ដល់នូវការជឿទុកចិត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជាពិសេស អ្នកជម្ងឺកូវីដ-១៩ ផ្ទាល់តែម្ដង។ ឯកឧត្តម អភិបាលខេត្ត ក៏បានអះអាងដែរថា តាមការរំពឹងទុក មន្ទីរពេទ្យនេះ នឹងបើកឲ្យដំណើរការ នៅដើមខែឧសភា ខាងមុខឆាប់ៗនេះ ផងដែរ។
គូសបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ បានរីករាលដាល ដល់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំ ដល់រដ្ឋបាល ខេត្តកំពង់ចាម ឲ្យយកទីតាំងធ្វើចត្តាឡីស័ក នៃសណ្ឋាគារមេគង្គ ដែលមានចំនួន ៧១បន្ទប់ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩។ ដោយឡែក បងប្អូនពលករចំណូលស្រុក ក៏ដូចជា អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក នៅទីនោះ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម វិញ៕





