អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំណោយពីសប្បុរសជន សម្រាប់ប្រគល់ជូនរដ្ឋបាលខេត្តដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
TNM(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយពីលោក ឡូ អ៊ុយឡុង អ្នកវិនិយោគផ្សារអន្តរជាតិបាវិត ដែលបានឧបត្ថម្ភនូវសម្ភារមួយចំនួនដេីម្បីប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង។ អំណោយទាំងនោះរួមមាន៖ ម៉ាស ២កេស ស្មេីនឹង ៥.០០០ម៉ាស អាល់កុល ០៣កាន អង្ករ ១០បាវ ស្មើនឹង ៥០០គីឡូក្រាម មី ២កេសធំ និងទឹកសុទ្ធវីតាល់ ៥០កេស។
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត មានប្រសាសន៍ថ្លែងនូវការអរគុណដល់លោក ឡូ អ៊ុយឡុង ដែលបានចូលរួមបរិច្ចាគនូវអំណោយជាសម្ភារសម្រាប់គាំទ្រដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចាត់ចែងក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គម ទៅលើការជួយគ្នាក្នុងបរិបទនៃជំងឺកូវីដនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អំណោយដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យចំទិសដៅ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


