អាជ្ញាធរខេត្តក្រចេះ បន្តអនុវត្តវិធានការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ ទូទាំងខេត្តជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

TNM(ខេត្តក្រចេះ) ៖ ព្រឹកថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្ត ក្នុងភូមិសាស្ត្រស្រុកស្នួល គឺព្រំប្រទល់ស្រុកកែវសីមា(មណ្ឌលគីរី) និងព្រំប្រទល់ស្រុកមេមត់(ត្បូងឃ្មុំ) មាន៣គោលដៅ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងអាជ្ញាធរខេត្តក្រចេះបានចេញសេចក្ដីសម្រេចលេខ ០២៧/២១ សសរ ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាលក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។
ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះពង្រឹងបន្ថែមក្នុងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាព ព្រមទាំងសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តី០២៧/២១ សសរចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច អ្នកបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។
ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសគោលបំណងរបស់រាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និងសង្គមជាតិ។
ឯកឧត្តមក៏បានសំណូមពរដល់ បណ្ដាកងកម្លាំងដែលប្រចាំការគ្រប់គោលដៅទាំងអស់ត្រូវប្រកាន់ខ្ជប់នូវវិន័យ សុជីវធម៌ សីលធ៌មថ្លៃថ្នូររបស់កងកម្លាំងយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តការងារ ដើម្បីការពារពីការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យើងបាន។ មួយវិញទៀតត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងពេលប្រតិបត្តិការ។
សូមបញ្ជាក់ថា នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង៣ខាងលើ ឯកឧត្តមអភិបាលរងខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួន របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឧបត្ថម្ភដល់កងកម្លាំង រួមមាន ÷ អង្ករ អាល់កុល ម៉ាស់ និងថវិការចំនួន៥០ម៉ឺនរៀលក្នុង១គោលដៅ។ ក្នុងនោះដែរខេត្តក្រចេះបានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅដែលមានព្រំប្រទល់ខេត្ត មានចំនួន៧គោលដៅក្នុងស្រុកចំនួន៤ ដែលត្រូវបានបែងចែកអភិបាលរងខេត្តចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច និងសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅទទួលបានដូចៗគ្នា៕
អត្ថបទដែលជាប់ទាក់ទង