ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបុណ្យ៧ ថ្ងៃសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រសួងព័ត៌មាន បាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងៃសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋ លេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណ:ភាព កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨ ក្នុង ជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ថា ការប្រារព្ធខួប ៧ ថ្ងៃ នៃមរណភាព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដោយគោរពតាមវិធានការសុខាភិបាល ដោយក្រសួងព័ត៌មាន បានរៀបចំជាពិធីគោរពឧទ្ទិសកុសល តូចមួយនៅ ក្នុង ក្រសួង តែប៉ុណ្ណះ។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក្រសួងព័ត៌មាន និងក្នុងនាម ឯកឧត្តម ផ្ទាល់ មានសេចក្តីក្តុកក្តួល ក្រៀមក្រំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណភាពគួរអោយសោកស្តាយជាទីបំផុត ។ មរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារសពទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជា ពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ។ ក្នុងឋានៈឯកឧត្តម ជារដ្ឋលេខា ធិការ នៃក្រសួងព័ត៌មាន ជាកវីនិពន្ធ និងផលិតករភាពយន្តមួយរូបលេចធ្លោរ របស់សង្គមជាតិ ដែល តែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍ នៅ កម្ពុជា។
តាមរយះនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន សូមធ្វការ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បាន សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនៃពិធីបុណ្យខួប គម្រប់៧ ថ្ងៃ សពឯកឧត្តម ម៉ៅ អាយុទ្ធ នេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ បានចូល បច្ច័យបុណ្យសពចំនួន ៣ លានរៀល ។ ជាមួយនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ចំនួន ២ លានរៀល ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មានចំនួន ១០០ ដុល្លា ឯកឧត្តម ទន់ សារ៉ាត : ៣០ដុល្លា ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ១០០ ដុល្លា ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ២០ ម៉ឺនរៀល ៕
 
អត្ថបទដែលជាប់ទាក់ទង